រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA បានបង្ហាញឱ្យដឹងថាមនុស្សប្រមាណ ២០ ១៦០នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆមាសទីមួយនៃឆ្នាំ២០២១។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកត់សំគាល់ថាចំនួននេះ បានមានការកើនឡើង ១៨,៤ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២០ ហើយជា ចំនួនអ្នកស្លាប់ដែលមានច្រើនបំផុតចាប់តាំងពីឆ្នាំ២០០៦មក។
បើទោះស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ជាមួយចំនួនអ្នកស្លាប់មានកើនឡើងនេះ យោងតាមការស្រាវជ្រាវរបស់រដ្ឋាភិបាលបានបង្ហាញថាចំនួនអ្នកបើកបរល្បឿនលឿន និងការបើកបរពុំពាក់ខ្សែក្រេវ៉ាត់ គឺមានកម្រិតខ្ពស់ជាងមុនពេលមុនពេលមានជំងឺឆ្លង ដូច្នេះហើយការគ្រោះថ្នាក់បណ្តាលអោយស្លាប់មានការកើនឡើង។
ក្នុងនោះដែ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអ្នកស្លាប់ នាយកដ្ឋានដឹកជញ្ជូននឹងបង្ហាញចេញនូវយុទ្ធសាស្ត្រសុវត្ថិភាពផ្លូវជាតិ (National Roadway Safety Strategy ) ជាលើកដំបូងដែលមិនធ្លាប់មាននាខែមករាខាងមុខ ដើម្បីរក្សាសុវត្តិភាព និងកាត់បន្ថយការរងរបួសធ្ងន់ធ្ងរ និងការស្លាប់នៅពេលមានគ្រោះថ្នាក់កើតឡើង។
ខណៈពេលយុទ្ធសាស្រ្តថ្មីកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA បានប្រកាសពីវិធានការចំនួន៩ ដែលរួមមានកាំមេរ៉ាកំណត់ល្បឿន និងការកំណត់ល្បឿននៃការបើកបរ ដើម្បីកែសម្រួលទៅលើសុវត្ថិភាពនៃការបើកបរផងដែរ៕