ជោគជ័យធំ BYD សម្រេចការលក់រថយន្តបានចំនួនជិត ៤,៣លានគ្រឿង នៅក្នុងឆ្នាំ២០២៤

ក្រុមហ៊ុនផលិរថយន្ត BYD បានសម្រេចជោគជ័យធំក្នុងការលក់យានយន្តថាមពលថ្មី (NEV) នៅក្នុងឆ្នាំ២០២៤ ដោយសម្រេចការលក់បានចំនួន ៤ ២៧២ ១៤៥ គ្រឿង កើនឡើង ៤១,៣ភាគរយ បើធៀបនឹងចំនួន ៣ លានគ្រឿង កាលពីឆ្នាំ២០២៣។

នេះជាលើកដំបូងដែលក្រុមហ៊ុន BYD បានលក់រថយន្តបានលើសពី ៤ លានគ្រឿងក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ រថយន្តអគ្គិសនីប្រើថ្ម (BEV) មានចំនួន ១ ៧៦៤ ៩៩២ គ្រឿង ស្មើនឹង ៤១,៥ភាគរយ នៃការលក់សរុប កើនឡើង ១២ភាគរយ បើធៀបនឹងឆ្នាំមុន។ រីឯ រថយន្តកូនកាត់ Plug-in hybrid (PHEV) មានចំនួន ២ ៤៨៥ ៣៧៨ គ្រឿង ស្មើនឹង ៥៨,៥ភាគរយ នៃការលក់សរុប កើនឡើង ៧២,៨ភាគរយ បើធៀបនឹងចំនួន ១,៤ លានគ្រឿង នៅក្នុងឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន BYD ក៏បាននាំចេញរថយន្តចំនួន ៤១៧ ២០៤ គ្រឿង ទៅលក់ក្នុងទីផ្សារអន្តរជាតិផងដែរ កើនឡើង ៧១,៩ភាគរយ បើធៀបនឹងចំនួន ២៤២ ០០០ គ្រឿង ក្នុងឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម