[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Zeekr 009 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV ផ្តល់ជូនទាំងជម្រើស ៦ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៨៧ ២០០ ដុល្លារ និង ៨៩ ៩០០ ដុល្លារ។
រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កម្ពស់ ១ ៨៦៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងសរុបបានចំនួន ៦០៣ សេះ និងកម្លាំងរមួល ៦៩៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ៣០ នាទី ប៉ុណ្ណោះ។
សម្រាប់ផ្នែកខាងក្រៅ ត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នូវទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយស្បែកដ៏ប្រណិតទៅកៅអី តាប្លូ នៅលើកុងស៊ូលមានបំពាក់អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៊ីញ មានកម្រិតបង្ហាញ 2,5K អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែ ប្រព័ន្ធសម្លេង Yamaha ចំនួន ៣០ចំនុច អេក្រង់ HUD ទំហំ ៣៦ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៧អ៊ីញ មានកម្រិតបង្ហាញ 3K នៅផ្នែកខាងក្រោយ ដំបូល Panoramic roof កន្លែងសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ កៅអីម៉ាស្សា-កម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់ ៣ចំនុច និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារ៕