កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត McLaren Artura បានបង្ហាញខ្លួនជាផ្លូវការ ដោយពេលនោះគេមិនទាន់ដឹងថាវាអាចរត់បានលឿនប៉ុណ្ណាឡើយ ប៉ុន្តែឥឡូវនេះគឺច្បាស់ហើយ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន McLaren បានឲ្យដឹងថា Artura អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ហើយរត់ពី ០-២០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៣វិនាទី និង ២១,៥វិនាទី សម្រាប់ ០-៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។
មិនតែប៉ុណ្ណោះ រថយន្ត McLaren Artura អាចរត់ដល់ល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៥៧៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ ជាមួយគ្នានេះដែរ វាមានបំពាក់ម៉ូទ័រអគ្គិសនីមួយទៀត ដែលបង្កើតកម្លាំងបាន ៩៤សេះ និង កញ្ចប់អាគុយទំហំ ៧,៤គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យ Artura បើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣០គីឡូម៉ែត្រ។
សរុបជារួមមក ទាំងម៉ាស៊ីន និងម៉ូទ័រអគ្គិសនីនោះ រថយន្ត McLaren Artura អាចបង្កើតកម្លាំងបានសរុប ៦៧១សេះឯណោះ៕