
បន្ទាប់ពីប្រកាសបង្ហាញចេញនូវរូបរាងអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន BYD បានសម្រេចប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត BYD Seal 06 DM-i Wagon របស់ខ្លួនហើយ ជាមួយតម្លៃលក់ចាប់ពី ១៥ ៣២០ដុល្លារ ដល់ ១៨ ១១៥ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ដនេះ មានប្រវែង ៤ ៨៥០ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៥០៥ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩០ ម.ម ដំណើរការដោយ៖
- ម៉ាសុីនសាំងចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ៩៩សេះ ជាមួយម៉ូទ័រអគ្គិសនីមានចំនួន ១ ផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយអាគុយ LFP ទំហំ ១០,០៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបជាង ២ ០០០គីឡូម៉ែត្រ មានកម្រិតសុីប្រេងត្រឹមតែ ៣,១៥លីត្រ ប៉ុណ្ណោះ នៅក្នុង ១០០គីឡូម៉ែត្រ។
- ម៉ាសុីនសាំងចំណុះ ១.៥លីត្រ ដូចគ្នាអាចផលិតកម្លាំងបាន ៩៩សេះ ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមានចំនួន ១ អាចផលិតកម្លាំងបន្ថែមបាន ២១៥សេះ ផ្គួបជាមួយជាមួយអាគុយ LFP ទំហំ ១៨,៧១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបជាង ២ ០០០គីឡូម៉ែត្រ មានកម្រិតសុីប្រេងត្រឹមតែ ៤,២៥លីត្រ ប៉ុណ្ណោះ នៅក្នុង ១០០គីឡូម៉ែត្រ។
ចំពោះការរចនាផ្នែកខាងក្រៅ រថយន្ត Seal 06 DM-i wagon មានលក្ខណៈស្រដៀងនឹងរថយន្ត Seal 06 DM-i sedan ដែរ ប៉ុន្តែមានបំពាក់មកជាមួយចង្កៀងមុខរាងវែង ហើយមានភ្លើង Daytime កាត់ជា២ផ្នែក និងប៉ាណាខាងមុខមានរាងជារូបត្រីកោណ ខណៈផ្នែកខាងក្រោយវិញគឺមានបំពាក់មកជាមួយភ្លើង LED អូសកាត់ពេញផ្នែកខាងក្រោយ និង Spoiler ជាប់ដំបូលលយចេញមកខាងក្រៅជាដើម។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ទី ៣ ដែលរួមបញ្ចូលនូវមានសេនស័រ និងកាមេរ៉ាជាច្រើនសម្រាប់បង្កើនសុវត្ថិភាព និងភាពងាយស្រួលពេលចេញចូលចំណតផងដែរ។
សម្រាប់ផ្នែកខាងក្នុង ទទួលបាននូវកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ កុងទ័រឌីជីថលទំហំ ៨,៨អុីញ អេក្រង់កម្សាន្តទំហំ ១២,៨អុីញ បាសចំនួន ៦គ្រាប់ ពោងសុវត្ថិភាពចំនួន ៦ចំនុច កៅអីខាងមុខជាប្រភេទកៅអីចុចអូតូ មានមុខងារកម្ដៅ និងរន្ធភ្លើងទំហំ ១២វ៉ុលជាដើម៕