
[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត SGMW បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Wuling Hongguang សេរ៊ីឆ្នាំ២០២៥ ប្រភេទ MPV EREV ផ្តល់ជូនទាំងជម្រើស ៥ និង ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៩ ៤០០ ដុល្លារ ដល់ ១០ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Wuling Hongguang មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៧២៥ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ផលិតម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១២៥ ញ៉ូតុនម៉ែត្រ ផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD ផលិតម្លាំងបាន ១០១ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ រួមនឹងអាគុយទំហំ ៨,៥ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយ ៥០គ.ម ដោយអគ្គិសនីសុទ្ធ និងសរុប ១ពាន់គីឡូម៉ែត្រ អាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទី ប៉ុណ្ណោះ និងសុីប្រេង ៥,១៨លីត្រ/១០០គ.ម។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាសំបុកឃ្មុំអមជាមួយចង្កៀងមុខរាងស្លីម និងកាងខ្យល់ទំហំធំ ខណៈផ្នែកខាងក្រោយវិញ ត្រូវបានរចនាជាមួយចង្កៀងបែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៥ អ៊ីញ និងទ្វារប្រភេទអគ្គិសនី។
ចំពោះផ្នែកខាងក្នុង ទទួលបានអេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងអេក្រង់ឌីជីថល អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកៅអីក្រណាត់, រន្ធ USB ចំនួន ១, ឧបករណ៍បំពងសម្លេងចំនួន ២ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរមួយចំនួនជាដើម៕