អ្នកប្រើប្រាស់រថយន្តជាច្រើនបានធ្វើការផ្លាស់ប្ដូរពីការប្រើប្រាស់រថយន្តអគ្គិសនី ទៅរកជម្រើសថ្មី២ផ្សេងទៀតដែលកំពុងពេញនិយមនោះគឺ រថយន្តប្រភេទ Plug-in Hybrid (PHEVs) និង Hybrid សុទ្ធ (HEVs)។ ជាក់ស្ដែងប្រសិនបើប្រៀបធៀបទៅនឹងរថយន្តប្រើប្រាស់សាំងទូទៅ គឺរថយន្តទាំង២ប្រភេទនេះបានកាត់បន្ថយការបំភាយឧស្ម័នពុលចេញទៅបរិយាកាស និង សន្សំសំចៃលើប្រេងឥន្ទនៈ ក៏ប៉ុន្តែតម្លៃដើមរថយន្តខ្ពស់ខុសគ្នាគួរឱ្យកត់សម្គាល់ដែរ។ ចំណុចសំខាន់ក្នុងការយល់ដឹងពីថ្លៃដើមនិងអត្ថប្រយោជន៏ពិតប្រាកដសម្រាប់ម្ចាស់រថយន្តគឺបានជួយឱ្យអ្នកប្រើប្រាស់បង្កើតនូវការសម្រេចចិត្តបានដ៏ឆ្លាតវៃដោយផ្អែកលើកញ្ចប់ថវិការបស់ខ្លួន ព្រមទាំងការចំណាយលើការប្រើប្រាស់ជាប្រចាំថ្ងៃ និង ការប្រើប្រាស់ក្នុងរយៈពេលវែងផងដែរ។

- តើអ្វីជារថយន្ត PHEVs និង HEVs ?
HEVs (Hybrid Electric Vehicles) ជារថយន្តដែលភ្ជាប់ម៉ាស៊ីនចំហេះខាងក្នុងជាមួយម៉ូទ័រអគ្គិសនី។ ដំណើរការសាកអាគុយរបស់ HEVs ធ្វើការតាមរយៈការជាន់ហ្វ្រាំង និងការប្រើប្រាស់កម្លាំងម៉ាស៊ីន ដោយមិនត្រូវការការសាកថាមពលពីខាងក្រៅឡើយ។ ឧទាហរណ៍រថយន្ត MG HS Hybrid+ ដែលដំណើរការដោយប្រព័ន្ធ HEVs គឺមិនតម្រូវឱ្យមានការសាកថាមពលអគ្គិសនីទេ។

ចំណែក PHEVs (Plug-in Hybrid Electric Vehicles) ជារថយន្តដែលដំណើរការដោយអាគុយទំហំធំនិងម៉ូទ័រអគ្គិសនី លាយជាមួយម៉ាស៊ីនសាំង ហើយវាតម្រូវឱ្យមានការសាកថាមពលពីខាងក្រៅដើម្បីកាត់បន្ថយការស៊ីប្រេងឥន្ធនៈ ដោយយើងអាចសាកនៅតាមផ្ទះ ឬ នៅតាមស្ថានីយ៍ផ្សេងៗក៏បាន។ ដំណើរការនេះអនុញ្ញាតឱ្យរថយន្តបើកបរបានចម្ងាយឆ្ងាយដោយប្រើថាមពលអគ្គិសនីសុទ្ធមុន បន្ទាប់មកទើបម៉ាស៊ីនសាំងដំណើរការពេលអស់ថាមពលអគ្គិសនី។
![]()
- ការចំណាយលើថ្លៃប្រេងឥន្ទនៈ និង ការសាកថាមពលអគ្គិសនី
សម្រាប់រថយន្តប្រភេទ HEVs គឺមានអត្ថប្រយោជន៏ពិសេសដូចខាងក្រោម៖
- ទទួលបានអត្ថប្រយោជន៍លើប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ទនៈទាបដោយសារមានជំនួយពីម៉ូទ័រអគ្គិសនីសន្សំសំចៃបានច្រើន (ជាពិសេសការប្រើប្រាស់ក្នុងទីក្រុងពេលចរាចរណ៏ស្ទះ)
- មិនចំណាយលើថ្លៃសាកអគ្គិសនី ពីព្រោះវាមានប្រព័ន្ធសាកថាមពលដោយខ្លួនឯង (self-charging)
សម្រាប់រថយន្តប្រភេទ PHEVs ក៏មានគុណសម្បត្តិ និង គុណវិបត្តិដែរ៖
- វាដំណើរការដោយថាមពលអគ្គិសនីសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ប៉ុន្តែត្រូវកាសាកអគ្គិសនីជាប្រចាំ បើសិនចង់ចំណេញថ្លៃប្រេងឥន្ធនៈ
- ប្រសិនបើមិនមានការសាកអគ្គិសនីញឹកញាប់ទេឱ្យបានត្រឹមត្រូវទេ រថយន្ត PHEVs នឹងបញ្ចប់ការប្រើអគ្គីសនី ហើយវានឹងបន្តដំណើរការចូលម៉ាស៊ីនសាំងវិញពេលធ្វើដំណើរផ្លូវឆ្ងាយ ដែលធ្វើឱ្យអត្ថប្រយោជន៍នៃការសន្សំសំចៃនឹងធ្លាក់ចុះ
- ការវិនិយោគលើការដំឡើងឆ្នាំងសាកតាមផ្ទះ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីរថយន្ត PHEVs ម្ចាស់រថយន្តត្រូវការតំឡើងឆ្នាំងសាកតាមផ្ទះដើម្បីងាយស្រួលនិងសន្សំសំចៃ។ ទោះយ៉ាងណាក៏ដោយ ការតម្លើងឆ្នាំងសាកនៅផ្ទះ វាអាចចំណាយថវិកាអស់ចន្លោះពី $600 ទៅ $1,200 (អាស្រ័យទៅលើម៉ាក និង កម្លាំងរបស់ឆ្នាំងសាក) បូកជាមួយនឹងថ្លៃឈ្នួលអ្នកតម្លើងចំណាយចន្លោះពី 100$ ទៅ 300$ (អាស្រ័យលើខ្សែភ្លើង, កុងតាក់, កម្លាំងពលកម្មផ្សេងៗ)។ ការប៉ាន់ស្មានតម្លៃនៃការវិនិយោគលើឆ្នាំងសាកតាមផ្ទះអាចចំណាយចន្លោះពី 750$ ដល់ 1,500$ ប្រសិនបើកន្លែងលក់រថយន្តអោយអ្នកមិនមានការផ្ដល់ឧបករណ៍សាកថ្មតាមផ្ទះអោយ។

- ថ្លៃសាកអគ្គិសនីនៅតាមផ្ទះ ឬ តាមស្ថានីយសាកអគ្គិសនីសាធារណះ
ខណៈដែលរថយន្តប្រភេទ HEVs មិនត្រូវការសាកថាមពល ប៉ុន្តែការសន្សំសំចៃរបស់រថយន្ត PHEVs អាស្រ័យលើភាពញឹកញាប់នៃការសាកអគ្គិសនី និង រយៈចម្ងាយនៃការបើកបរជាប្រចាំថ្ងៃរបស់អ្នក។ ដើម្បីបង្កើនការសន្សំសំចៃកាន់តែខ្ពស់ ម្ចាស់រថយន្តត្រូវការសាកអគ្គិសនីរថយន្ត PHEVs ជាប្រចាំដែលអាចំណាយពេលបន្ថែម និង ចំណាយថវិការផងដែរ។
- ឧទាហរណ៏ ៖ សមត្ថភាពថ្មអាគុយរបស់រថយន្ត PHEVs ជាមធ្យមទំហំ 30kWh ហើយអត្រាតម្លៃអគ្គិសនីនៅតាមផ្ទះគឺប្រហាក់ប្រហែល 700រៀលក្នុង 1kWh។
ដូច្នេះតម្លៃក្នុងការសាកអគ្គិសនីមួយពេញ : 30kWh x 700រៀល = 21,000រៀល ឬ 5.25ដុល្លារ សម្រាប់ការសាកអគ្គិសនីមួយពេញ ជាមួយរយៈចម្ងាយដែលអាចបើកបរបានចន្លោះពី 50Km ទៅ 60Km។
- ឧទាហរណ៏ ៖ ការសាកអគ្គិសនីតាមស្ថានីយ៍សាធារណះឬឯកជន (តម្លៃប្រហែល 1,300រៀល ក្នុង1kWh អាស្រ័យទៅតាមស្ថានីយ៍)
ដូច្នេះតម្លៃក្នុងការសាកអគ្គិសនីតាមស្ថានីយ៍ខាងក្រៅ : 30 kWh x 1,300រៀល = 39,000រៀល ឬ 9.75ដុល្លារ សម្រាប់ការសាកអគ្គិសនីមួយពេញជាមួយរយៈចំងាយបើកបរបានចម្ងាយចន្លោះពី 50Km ទៅ 60Km។
តម្លៃនេះប្រហាក់ប្រហែលទៅនឹងការប្រើប្រាស់រថយន្តសាំងទូទៅដែរ ពីព្រោះរយៈចម្ងាយនៃការបើកបរដែលប្រើប្រាស់អគ្គិសនីរបស់រថយន្ត PHEVs មានភាពខ្លី។ ដូច្នេះ ការធ្វើដំណើរកំសាន្តតាមផ្លូវឆ្ងាយ នោះអ្នកប្រហែលជាចំណាយលើថ្លៃប្រេងឥន្ធនៈច្រើន ប្រសិនបើអ្នកមិនមានពេលវេលាក្នុងការសាកអគ្គិសនីរថយន្ត PHEVs របស់អ្នក។

- ការចំណាយថ្លៃប្រេងឥន្ទនៈនៅពេលរថយន្ត PHEVs អស់អគ្គិសនី (តម្លៃប្រេងឥន្ទនៈ ប្រហាក់ប្រហែល 1ដុល្លារ/លីត្រ សម្រាប់ហាងឆេងក្នុងប្រទេសកម្ពុជា)
នៅពេលថាមពលថ្មអគ្គិសនីមិនគ្រប់គ្រាន់ នោះរថយន្ត PHEVs នឹងប្ដូរដំណើរការទៅប្រើប្រាស់ប្រេងឥន្ធនៈដោយស្វ័យប្រវត្តិ។ ក្នុងដំណើរការនេះ ការស៊ីប្រេងឥន្ធនៈប្រហែល 5 – 6 លីត្រ/100 គីឡូម៉ែត្រ អាស្រ័យលើទម្ងន់ផ្ទុករថយន្ត ទំហំម៉ាស៊ីន និង លក្ខខណ្ឌផ្លូវថ្នល់ ជាមួយការគណនាតម្លៃប្រេងក្នុងស្រុកប្រហាក់ប្រហែល $1/មួយលីត្រ។
ថ្លៃប្រេង 100 Km ប្រហាក់ប្រហែល $5 – $6 (ក្នុងករណីមិនមានការផ្ទុកទម្ងន់បន្ថែមក្នុងរថយន្ត)
កម្រិតប្រសិទ្ធភាពនេះ ស្រដៀងនឹងរថយន្ត HEVs ដែរ។ ប៉ុន្តែម្ចាស់រថយន្ត PHEVs ត្រូវវិនិយោគបន្ថែមលើឧបករណ៍សាកអគ្គិសនីនៅតាមផ្ទះ (EV Charger) បន្ថែមការបង់ថ្លៃអគ្គិសនីតាមផ្ទះពេលសាក និង ចំណាយលើថ្លៃប្រេងឥន្ធនៈផងដែរ។
5. សេវាកម្មថែទាំ ៖ តើរថយន្តណាមានការសន្សំសំចៃជាង?
ទាំងរថយន្ត PHEV និង HEV ជាទូទៅមានថ្លៃថែទាំទាបជាងរថយន្តប្រើប្រាស់សាំងសុទ្ធ ព្រោះការបើកបរដោយប្រើថាមពលអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីន។
- រថយន្តប្រភេទ PHEV គឺមានអត្ថប្រយោជន៍ស្រដៀងគ្នា ប៉ុន្តែដោយសារមានសមាសភាគបន្ថែម (ដូចជា ថ្មអាគុយធំ និងប្រព័ន្ធសាកអគ្គសនី) ដែលអាចបង្កើនការចំណាយថ្លៃថែទាំក្នុងរយៈពេលវែង។ ការផ្លាស់ប្តូរអាគុយក៏អាចមានតម្លៃខ្ពស់ ប្រសិនបើមានការខូចខាតណាមួយ ដែលគ្មានការធានាពីក្រុមហ៊ុន។
- រថយន្តប្រភេទ HEV ដំណើរការដោយប្រព័ន្ធសាមញ្ញជាង PHEV ហើយមិនត្រូវការឧបករណ៍សាកថាមពលខាងក្រៅទេ។
សរុបមក៖ រថយន្ត PHEV ផ្តល់នូវភាពបត់បែន និងការសន្សំសំចៃប្រេងបានល្អ ក៏ប៉ុន្តែអ្នកប្រើប្រាស់គួរយល់ដឹងអំពីចំណាយពិតប្រាកដក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសថ្លៃសាកអគ្គិសនី ថ្លៃថែទាំ និង ចំណាយថ្លៃប្រេងឥន្ធនៈ។ រថយន្តអាចមានតម្លៃទាបពេលទិញដំបូង ប៉ុន្តែលោកអ្នកគួរតែគិតគូរ ឬ សរុបការចំណាយក្នុងអំឡុងប្រើប្រាស់តាមអាយុកាលរថយន្ត ដូចជា របៀបដែលអ្នកបើកបរប្រចាំថ្ងៃ ការសន្សំសំចៃប្រេង ថ្លៃថែទាំ និង តម្លៃលក់ចេញបន្តផងដែរ។ ទោះយ៉ាងណាក៏ដោយ សុខភាពថ្មអាគុយរថយន្ត គឺជាចំណុចគួរឱ្យព្រួយបារម្ភសម្រាប់រថយន្តប្រភេទ PHEV ដែលប្រើប្រាស់រួច ប្រសិនអ្នកចង់លក់ចេញវិញ នោះអ្នកទិញបន្តជាទូទៅគឺផ្តោតការយកចិត្តទុកដាក់លើចម្ងាយបើកបរដោយប្រើអគ្គិសនីដែលនៅសល់ និង គុណភាពកម្រិតថ្មអាគុយរថយន្ត។















