តាមផ្លូវនៅតំបន់ភ្នំ ភាគច្រើនគេដាក់សញ្ញាចរាចរណ៍អ្វីខ្លះ?

នៅពេលបើកបរនៅតាមផ្លូវតំបន់ព្រៃភ្នំ អ្នកប្រាកដជាបានឃើញសញ្ញាចរាចរណ៍ផ្សេងៗជាច្រើន ដូចជាផ្លាកសញ្ញា គំនូសសញ្ញា និងបង្គោលសញ្ញាជាដើម ដើម្បីដាស់តឿនឲ្យបង្កើនការប្រុងប្រយ័ត្ន និងហាមឃាត់មិនឲ្យបំពាន។ សញ្ញាចរាចរណ៍ទាំងនោះរួមមានដូចជា៖

១. ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមានជាយក្នុងពណ៌ខ្មៅ និងជាយក្រៅពណ៌ស ផ្ទៃពណ៌លឿង រួមមាន គ្រោះថ្នាក់ផ្សេងៗ, ផ្លូវកោងទៅស្តាំ, ផ្លូវកោងទៅឆ្វេង, ផ្លូវកោងទៅស្តាំ ហើយទៅឆ្វេង, ផ្លូវកោងទៅឆ្វេង ហើយទៅស្តាំ, ផ្លូវកោងបត់បែនច្រើន ឬផ្លូវអន្ទង់អាំង, ផ្លូវឡើងចំណោត, ផ្លូវចុះចំណោត, មានសត្វព្រៃឆ្លងកាត់ និង មានថ្មធ្លាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ផ្លាកសញ្ញាបំរាម ដែលមានជាយព័ទ្ធជុំវិញ២ជាន់ ជាយក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ជាយក្រៅស្តើងងមានពណ៌ស ឯសញ្ញាសម្គាល់ខាងក្នុងជាទូទៅមានពណ៌ខ្មៅ រួមមាន ផ្លាកសញ្ញាហាមចត, ហាមជែង និងផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា។

៣. គំនូសសញ្ញាទោលជាប់ពណ៌លឿង តាមបណ្តោយទ្រូផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។

៤. បង្គោលសញ្ញារួមមាន បង្គោលសញ្ញាផ្លូវកោង, សញ្ញាលើរបារផ្លូវកោងទៅស្តាំ, សញ្ញាលើរបារផ្លូវកោងទៅឆ្វេង, សញ្ញាបង្ហាញឧបសគ្គនៅខាងស្តាំ និងសញ្ញាបង្ហាញឧបសគ្គនៅខាងឆ្វេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម