
បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា កំពុងមានការសាងសង់រោងចក្រដំឡើងរថយន្តចំនួន៣ប្រេន រួមមាន BYD នៅខេត្តព្រះសីហនុ, រថយន្ត GAC និងរថយន្ត Chevrolet នៅខេត្តកំពង់ឆ្នាំង។ បើគិតក្នុងតំបន់អាស៊ាន តើរោងចក្រទាំង៣នេះ ជារោងចក្រទីប៉ុន្មានខ្លះ?
១. រោងចក្រ BYD
រោងចក្រដំឡើងរថយន្តទី១ របស់ BYD នៅអាស៊ាន គឺនៅខេត្តរ៉ាយ៉ង ប្រទេសថៃ ដែលចាប់ផ្តើមប្រតិបត្តិការនៅខែកក្កដា ឆ្នាំ២០២៤ ជាមួយសមត្ថភាពដំឡើង ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ រោងចក្រទី២ ទី៣ និងទី៤ កំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដែលស្ថិតនៅប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ក្នុងនោះនៅកម្ពុជា មានសមត្ថភាពដំឡើងបាន ១ម៉ឺនគ្រឿង និងឥណ្ឌូណេស៊ី ១៥ម៉ឺនគ្រឿង ដោយគ្រោងនឹងប្រតិបត្តិការនៅចុងឆ្នាំនេះ ខណៈម៉ាឡេស៊ីនឹងរួចរាល់នៅឆ្នាំក្រោយ។
២. រោងចក្រ GAC
រោងចក្រដំឡើងរថយន្តទី១ របស់ GAC នៅក្នុងតំបន់នេះ ក៏ស្ថិតក្នុងប្រទេសថៃផងដែរ ដែលចាប់ផ្តើមប្រតិបត្តិ្កការនៅក្នុងខែកក្កដា ឆ្នាំ២០២៤ ជាមួយសមត្ថភាពដំឡើង៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ និងអាចពង្រីកដល់ ១០ម៉ឺនគ្រឿង។ រោងចក្រទី២ គឺស្ថិតនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៤ ប៉ុន្តែពេលនោះដំឡើងតែ១ម៉ូឌែលប៉ុណ្ណោះ គឺ GS3 EMZOOM ហើយឆ្នាំ២០២៥នេះ នឹងដំឡើងថែម១ទៀតគឺម៉ូឌែល EMKOO SUV។ រោងចក្រទី៣ ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី បើកដំណើរការនៅឆ្នាំ២០២៥ ជាមួយសមត្ថភាពដំឡើង ២ម៉ឺនគ្រឿងក្នុង១ឆ្នាំ និងអាចពង្រីកបានដល់ ៥ម៉ឺនគ្រឿង។ រោងចក្រទី៤ គឺស្ថិតនៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ដែលកំពុងសាងសង់នៅឡើយ គ្រោងប្រតិបត្តិការនៅឆ្នាំ២០២៦ និងមានសមត្ថភាពដំឡើងបាន ១៥ ០០០គ្រឿងក្នុង១ឆ្នាំ។
៣. រោងចក្រ Chevrolet
បើគិតតែបច្ចុប្បន្ននេះ កម្ពុជា គឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលទទួលអាជ្ញាបណ្ណពីក្រុមហ៊ុនអាមេរិក GM ក្នុងការបង្កើតរោងចក្រដំឡើងរថយន្ត Chevrolet ដែលប្រតិបត្តិការដោយក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.។ រោងចក្រនេះ កំពុងសាងសង់នៅខេត្តកំពង់ឆ្នាំង ដែលគ្រោងដំណើរការ នៅឆ្នាំ២០២៦ ជាមួយសមត្ថភាពដំឡើងពី ១០ ០០០ ទៅ ១២ ០០០គ្រឿងក្នុង១ឆ្នាំ។
យ៉ាងណាមិញ បើគិតពីអតីតកាល រោងចក្ររថយន្ត Chevrolet ក៏ធ្លាប់មានវត្តមាននៅប្រទេសអាស៊ានផ្សេងទៀតដែរ រួមមាន៖
-នៅប្រទេសថៃ ដែលត្រូវបានលក់ឲ្យក្រុមហ៊ុន Great Wall Motor នៅឆ្នាំ២០២០
-នៅឥណ្ឌូណេស៊ី ត្រូវបានបិទនៅក្នុងឆ្នាំ២០១៥ ដោយសារការចំណាយថ្លៃដើមខ្ពស់ និងលក់មិនដាច់
-និងនៅវៀតណាម ដែលត្រូវបានលក់ឲ្យក្រុមហ៊ុន VinFast ក្នុងឆ្នាំ២០១៨៕