
នៅពេលនិយាយដល់ការប្រមូលរថយន្តប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក មនុស្សភាគច្រើន គឺច្បាស់ជានឹងឃើញទៅដល់ប្រទេសអ្នកមានដូចជាឌូបៃ អាមេរិក ឬប្រទេសក្នុងតំបន់អឺរ៉ុបដូចជាអ៊ីតាលីជាមិនខាន ព្រោះប្រទេសទាំងនោះគឺសុទ្ធសឹងតែមានមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើនធ្វើការរស់នៅ។ ម្លោះហើយ ចំពោះបុគ្គលដែលមានរថយន្តប្រណិតៗច្រើនជាងគេនៅក្នុងពិភពលោកក៏ត្រូវបានគេជឿថាស្ថិតក្នុងប្រទេសទាំងនោះផងដែរ។ ប៉ុន្តែការពិតវិញ សម្រាប់បុគ្គលដែលមានរថយន្តប្រណិតៗច្រើនជាងគេនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មិនមែនជាមហាសេដ្ឋីនៅប្រទេសទាំងនោះនោះឡើយ។

ជាក់ស្តែង សម្រាប់ពេលបច្ចុប្បន្ន ចំពោះបុគ្គលដែលមានរថយន្តប្រណិត និងរថយន្តកម្រៗច្រើនជាងគេនៅលើពិភពលោកនោះគឺ ព្រះអង្គម្ចាស់ Hassanal Bolkiah ដែលជាព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ។ ក្នុងពេលបច្ចុប្បន្ន ទ្រង់ មានរថយន្តសរុបជាង ៧,០០០គ្រឿងឯណ្ណោះ រាប់ចាប់តាំងពីម៉ាក Bugatti, McLaren, Rolls-Royce, Ferrari និង Bentley ជាដើម។

បើយោងតាមសារព័ត៌មានល្បីៗ ព្រះអង្គម្ចាស់ Hassanal Bolkiah មានរថយន្ត Rolls-Royce ប្រហែល ៦០០គ្រឿង ជាប់កំណត់ត្រាពិភពលោក Guinness World Record, រថយន្ត Ferrari ប្រហែល ៤៥០គ្រឿង, រថយន្ត Bentley ប្រហែល ៣៨០គ្រឿង និងរថយន្ត McLaren F1 ចំនួន ១០គ្រឿង ក្នុងចំណោម ១០៦គ្រឿង ដែលមាននៅលើពិភពលោក។
ក្នុងនោះ បើគិតពីតម្លៃរថយន្តទាំងអស់នេះចូលគ្នានោះ អាចមានតម្លៃប្រហែល ៥ពាន់លានដុល្លារឯណ្ណោះ ដែលចំនួននេះ គឺបានធ្វើឲព្រះអង្គម្ចាស់ Hassanal Bolkiah ក្លាយជា Car Collection ធំជាងគេបំផុតនៅក្នុងពិភពលោក។

យ៉ាងណាមិញ ក្រៅពីការប្រមូលរថយន្តប្រណិតៗដ៏ធំសម្បើមនេះ ព្រះអង្គម្ចាស់ Hassanal Bolkiah ផ្ទាល់ ក៏មាននូវរថយន្តកម្រៗជាច្រើនដូចជារថយន្ត Ferrari F40, Ferrari 250 GTO, Bugatti EB110 និង Bentley Dominator ដែលជារថយន្ត SUV ផលិតជាពិសេសសម្រាប់ទ្រង់ ព្រមទាំងរថយន្ត Rolls-Royce Silver Spur II ដែលស្រោបមាស ២៤ការ៉ាត់ ដែលប្រើប្រាស់ក្នុងថ្ងៃរៀបអភិសេករបស់ព្រះអង្គ ក្នុងមានតម្លៃប្រមាណ ១៤លានដុល្លារផងដែរ៕















