[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្តដ៏ប្រណិត Mansory ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ បានធ្វើការកែច្នៃទា្វររថយន្ត Mercedes G-Class ដែលមានលក្ខណៈពិសេសដូចទៅនឹងទ្វាររថយន្ត Rolls-Royce ។
ក្រុមហ៊ុនកែច្នៃនេះបានបង្ហាញទ្វារខាងក្រោយនៅលើរថយន្ត G63 ដែលបានកែច្នៃជាពិសេសសម្រាប់ប្រទេសអារ៉ាប់រួម។ ជាការពិត ម៉ូដែលនេះត្រូវបានដាក់បង្ហាញជាមុនក្នុងអំឡុងពេលសម្ភោធ Showroom របស់ Mansory នៅទីក្រុងឌូបៃកាលពីឆ្នាំមុន ប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់ពីមុនមកនោះទេ។ ក្នុងនោះ រថយន្តនេះក៏ត្រូវបានភ្ជាប់ដោយ carbon-fiber aero ដែលមួយជុំរថយន្ត រួមទាំងរបាំងការពារភក់ទំហំធំ និងថាសកង់ទំហំ ២៣ អ៊ីញ។
សម្រាប់ការរចនានេះគឺជារឿងពិបាកបំផុតក្នុងការផលិតនៅក្នុងឧស្សាហកម្មរថយន្ត ដោយសារពួកគេទាមទារកម្រិតនៃការយកចិត្តទុកដាក់យ៉ាងខ្លាំង។
យោងតាមក្រុមហ៊ុន Mansory ការកែច្នៃនេះវានឹងផ្តល់នូវភាពងាយស្រួលដល់កៅអីខាងក្រោយ។ បច្នុប្បន្ន ទ្វារនេះ (Suicide-Door) គេកម្រប្រើក្នុងរថយន្តទំនើបៗណាស់ ក្រៅពីរថយន្ត Rolls-Royce ទាំងអស់។ ដោយពីអតីតកាលគេឃើញមាននៅលើរថយន្ត Mazda RX-8, Opel Meriva, Toyota FJ Cruiser, BMW i3 និងថ្មីៗនេះ Fiat 500 3+1 ទោះបីជាមានតែនៅផ្នែកអ្នកដំណើរក៏ដោយ ។
ជាមួយគ្នានេះ គេនៅមិនទាន់ដឹងថាតម្លៃនៃការបន្ថែមទ្វារខាងក្រោយនៅលើ G-Wagen នោះទេ ប៉ុន្តែទំនងជាមិនមានតម្លៃថោកនោះទេ។ ដូចគ្នានេះដែរ ចំពោះឈុតតួខ្លួនដ៏ប្រណិត និងផ្នែកខាងក្នុងដែលតុបតែងឡើងវិញផងដែរ។ លក្ខណៈពិសេសទាំងអស់នោះអាចត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងការធ្វើឲ្យប្រសើរឡើងនៅម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8 របស់ G63 ដែលអាចផលិតកម្លាំងបានរហូតដល់ ៨៨៨ សេះ៕