រថយន្ត Ford Bronco ត្រូវបានគេស្គាល់ថាជារថយន្តប្រភេទ SUV ពូកែ Off-road របស់ក្រុមហ៊ុន Ford ដែលទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកំណើត និងទីផ្សារមួយចំនួនផ្សេងទៀត។ ក្រឡេកមកមើលទីផ្សារប្រទេសកម្ពុជាវិញ គេឃើញថារថយន្តនេះធ្លាប់បានបង្ហាញវត្តមានរួចមកតាមរយៈការនាំចូលដោយការ៉ាស់លក់រថយន្តផ្ទាល់ ប៉ុន្តែវាពុំមែនជាការនាំចូលដោយក្រុមហ៊ុនផ្លូវការនោះ។
ជាក់ស្តែង កាលពីពេលម្សិលមិញកន្លងទៅ ទំព័ររបស់ទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Ford ជាច្រើនបានធ្វើការបង្ហោះឡើងនៃការបើកការកក់ទុកមុននៃរថយន្ត Ford Bronco នេះជាមួយម៉ូឌែល Badlands សេរ៊ីឆ្នាំ២០២២ ជាមួយតម្លៃពិសេស ១៤៩ ០០០ដុល្លារ ដោយនេះបានបង្ហាញថាក្រុមហ៊ុនផ្លូវការកំពុងត្រៀមនាំយកសមាជិកថ្មីចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការផងដែរ។
ជាមួយការត្រៀមមកដល់នេះយើងពុំទាន់ដឹងនោះឡើយនោះទេថាវានឹងមានលក្ខណៈពិសេសអ្វីខ្លះ ប៉ុន្តែយោងតាមទំព័រផ្លូវការរបស់ Ford Motor Company បានបង្ហាញថាវា រថយន្ត Ford Bronco Badlands ភ្ចាប់មកជាមួយនូវលក្ខណៈពិសេសដូចជា៖ ដំបូលបើក, ចង្កៀងប្រភេទ LED, ជម្រើសថាសកង់ទំហំ ១៧អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងបច្ចេកវិទ្យា SYNC 4, ឧបរណ៍បំពងសម្លេងចំនួន ៦ចំណុច និងលក្ខណៈបន្ថែមមួយចំនួនទៀត។
រីឯថាមពលម៉ាស៊ីន រថយន្ត Ford Bronco Badlands ឆ្នាំ២០២២ នឹងបំពាក់មកជាមួយម៉ាស៊ីនចំណុះ ២,៧លីត្រ Ecoboost ៦ស៊ីឡាំង ផលិតកម្លាំងបាន ៣៣០សេះ និងកម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ។
យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែមផ្លូវការ ក្រុមការងារខេមបូអូតូនឹងធ្វើការចេញផ្សាយជាថ្មីនៅពេលដែលទទួលបានព័ត៌មានលម្អិត និងជាក់លាក់ពីក្រុមហ៊ុនផ្ទាល់៕ អរគុណ