[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញរូបភាពថ្មីរបស់រថយន្តប្រភេទ Crossover ថ្មីដែលមានមូលដ្ឋានលើគ្រោងឆ្អឹង MEB platform នឹងគ្រោងត្រូវបានដាក់បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០២៣ ។
ខណៈពេលដែលម៉ូដែលនេះត្រូវបានគ្របដណ្តប់ដោយក្រណាត់ ប៉ុន្តែយើងអាចមើលឃើញនៅប៉ាណាមុខបិទជិតជាមួយនឹងឡូហ្គោ Ford កាងខាងមុខរាងជាជ្រុងមានរន្ធបឹតខ្យល់ធំជាមួយនឹងសេនស័រចាប់សញ្ញានៅកណ្តាល។
រូបភាព Teaser មិនបង្ហាញច្រើននោះទេ ប៉ុន្តែម៉ូដែលនេះមានរន្ធបឹតខ្យល់បញ្ឈរ និងថាសកង់ដែលជំនួយដល់ប្រព័ន្ធ aerodynamic ផងដែរ។ គួរឱ្យចាប់អារម្មណ៍ មានរថយន្តប្រភេទ Crossovers ចំនួន ២ នៅក្នុងរូបភាព Teaser ហើយមួយក្នុងចំណោមពួកគេអាចជាម៉ូដែល “ទំហំមធ្យម” ខណៈដែលមួយទៀតអាចជា “ប្រភេទ Sport Crossover” ។
ម៉ូដែលនេះត្រូវបានគេរំពឹងថាដូចទៅនឹងរថយន្តអគ្គិសនី Volkswagen ID.4 និង ID.5 ដែលមានន័យថាពួកគេអាចបំពាក់ដោយកញ្ចប់អាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៦២ សេះ ប្រព័ន្ធបើកប៉ុង ២ all-wheel drive system អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៩ វិនាទី និងអាចបើកបរបានចម្ងាយរហូតដល់ ៥១៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕