
បន្ទាប់ពីបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោក បានប្រកាសដាក់ចេញនូវផែនការថ្មីរបស់ខ្លួន ដើម្បីផលិតរថយន្តអគ្គិសនីសុទ្ធ (EV) ដំបូងរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបហើយ ដោយក្នុងនោះនឹងធ្វើឡើងនៅក្នុងរោងចក្រនៅក្នុងសាធារណរដ្ឋឆេក។
ក្នុងនោះ សម្រាប់ការវិនិយោគនេះ ក្រុមហ៊ុន Toyota ផ្ទាល់ នឹងវិនិយោគនូវទឹកប្រាក់ដល់ទៅ ៧៩៦ លានដុល្លារ ឯណ្ណោះ។ ជាមួយគ្នានេះ សម្រាប់ការវិនិយោគនេះទៀតសោត ក៏នឹងរួមបញ្ចូលនូវការពង្រីករោងចក្រ ក៏ដូចជា ការសាងសង់រោងចក្រដំឡើងអាគុយផងដែរ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ រោងចក្រនេះគឺត្រូវបានប្រើប្រាស់សម្រាប់ ផលិតរថយន្ត Aygo X និង Yaris Hybrid ពោលគឺអាចផលិតរថយន្តបានប្រហែល ២២០ ០០០គ្រឿង នៅក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ក្រៅពីសកម្មភាពទាំងនេះ កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុន Toyota ផ្ទាល់ ក៏ធ្លាប់បានប្រកាសគ្រោងនឹងបង្ហាញចេញលក់នូវរថយន្តអគ្គិសនីសុទ្ធ (EV) ចំនួន ៩ម៉ូឌែល នៅក្នុងទីផ្សារតំបន់អឺរ៉ុបក្នុងឆ្នាំ ២០២៥ និង ២០២៦ សម្រាប់ម៉ាក Toyota និង Lexus ផងដែរ៕