ទំនើបកប់! ឡាន Audi A6 ឆ្នាំ ២០១៩ សម្បូរបច្ចេកវិទ្យាថ្មីៗ មិនចាញ់សិស្សច្បង A8

កាល​ពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Audi បាន​បញ្ចេញ​ម៉ូដែល A6 ស៊េរី​ឆ្នាំ ២០១៩ របស់​ខ្លួន​ជា​ផ្លូវការ។

Audi A6 ជំនាន់​ទី ៨ នេះ បាន​រចនា​រូបរាង​កាត់​តាម​ម៉ូដែល A7 និង A8 ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ គឺ មាន​ភាព​ច្បាស់លាស់ និង​សមសួន។ វា​មាន​ទំហំ​ធំ​ជាង​ម៉ូដែល​មុន​បន្តិច​បន្តួច គឺ ទំហំ ០,៥ អ៊ីញ , ប្រវែង ០,៣ អ៊ីញ និង កម្ពស់ ០,១ អ៊ីញ។ Audi បាន​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោយ​កាន់​តែ​ប្រសើរ​ និងមាន​កន្លែង​ដាក់​ជើង​កាន់​តែ​ធំ​ទូលាយ​ជាង​មុន​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​មុខ A6 បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​រចនា​បែប​ទាន់​សម័យ ដោយ​យក​គំរូ​ប៉ាណា​មុខ​ធំ​តាម ម៉ូដែល A7 និង​មាន​ចង្កៀង​មុខ​រាប​ស្មើ ហើយ​មាន​កន្លែង​ស្រូប​ខ្យល់​ចេញ​ចូល​ធំ ជួយ​ឲ្យ​រថយន្ត​កាន់​តែ​កាលីប។ វា​មាន​ជម្រើស​ចង្កៀង​មុខ​ចំនួន ៣ ខណៈ​ជម្រើស​ខ្ពស់​ជាង​គេ គឺ Matrix LED។

ដោយឡែក កាប៊ីន​ខាង​ក្នុង​បាន​ខ្ចី​ស្ទើរ​តែ​គ្រប់​យ៉ាង ពី​ម៉ូដែល A7 ដែល​វា​ជា​ចំណុច​ល្អ​ខ្លាំង​បំផុត។​​ ផ្នែក​ខាង​ក្នុង​របស់ A6 មាន​បំពាក់​អេក្រង់​ចំនួន ៣ គឺ អេក្រង់ Infotainment ទំហំ ១០,១ អ៊ីញ ជាមួយ​ប្រព័ន្ធ MMI , អេក្រង់​ទំហំ ៨,៦ អ៊ីញ នៅ​ផ្នែក​កណ្ដាល ប្រើ​សម្រាប់​គ្រប់គ្រង​ម៉ាស៊ីន​ត្រជាក់ និង មុខងារ​ផ្សេងៗ​ទៀត និង អេក្រង់​តាប្លូ​ទំហំ ១២,៣ អ៊ីញ ជាមួយ​បច្ចេកវិទ្យា Audi’s Virtual Cockpit។

អ្វី​ដែល​រឹតតែ​អស្ចារ្យ​នោះ​គឺ Audi A6 ស៊េរីឆ្នាំ ២០១៩ នេះ បាន​បំពាក់​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ដោយ​ប្រើ Radar Sensor ៥ គ្រាប់ , កាមេរ៉ា ៥ គ្រាប់ , Ultrasonic Sensor ១២ គ្រាប់ និង Laser Scanner មួយ សម្រាប់​កញ្ចប់ Option ជំនួយ​ការ​ចត (Park Assist)។

A6 ជំនាន់​ទី ៨ ដ៏​ថ្មី​ស្រឡាង​នេះ ​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Turbocharged TFSI ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៤០ សេះ ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៧ វគ្គ ប្រភេទ S Tronic Transmission និង​ប្រើ​ប៉ុង ២ (AWD)។ សន្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​ប្រើ​ពេល​ត្រឹមតែ ៥,១ វិនាទី​ប៉ុណ្ណោះ ហើយ​អាច​រត់​ដល់​ល្បឿន​អតិបរិមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចំណែក​ឯ​មួយ​ទៀត​វិញ គឺ ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ TDI ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ២៨៦ សេះ ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង ២ Quattro AWD។

Audi A6 ស៊េរី​ឆ្នាំ ២០១៩ មានតម្លៃ​ចាប់​ពី ៧០ ៩៤៥ ដុល្លារ​ឡើង​ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម