ទ្បានអគ្គិសនី DFSK SERES 3 ត្រៀមលក់នៅប្រទេសថៃឆ្នាំនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Primus បានធ្វើការប្រកាសថាខ្លួននឹងគ្រោងដាក់លក់រថយន្ត DFSK SERES 3 ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Crossover Coupe ជាមួយនឹងសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៤០៥ គទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។


រថយន្តនេះមានប្រវែងសរុប ៤ ៣៨៥ មម ទទឹង ១ ៨៥០ មម កម្ពស់ ១ ៦៥០ មម និងប្រវែងគម្លាតកង់ ២ ៦៥៥ មម។ វាបានបំពាក់ជាមួយម៉ុទ័រចំនួនមួយអាចផលិតកម្លាំង ១៦០សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៥៣,៦១ គីទ្បូវ៉ាត់ ដែលសាកភ្លើងពេញម្តងអាចធ្វើដំណើរបានដល់ ៤០៥ គីទ្បូម៉ែត្រ ស្តង់ដារ WLTP អាចបង្កើតល្បឿនពី ០-១០០​ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៨,៩ វិនាទី និងល្បឿនអតិបរមា ១៦០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

ខណៈដែលកម្រិតនៃការសាកភ្លើងលឿនដោយប្រើដុំសាក AC ៦,៦ គីឡូវ៉ាត់អាចជួយអោយរថយន្តនេះសាកពីថាមពល ២០ ដល់ ៨០ ភាគរយពេញប្រើពេល ៨ ម៉ោង។ ដោយទ្បែកការសាកថាមពលពី ២០ ដល់ ៨០ ភាគរយ ប្រើពេល ៣០ នាទី។  បន្ថែមពីនេះវាក៏មាន Driving Modes ៣ ប្រភេទដូចជា៖ Eco, Normal និង Sport ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី DSFK SERES 3  ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពរួមមាន ពោងសុវត្ថិភាព ៦ ចំណុចជាមួយនឹង ប្រព័ន្ធជំនួយពេលទ្បើងចំណត និងប្រព័ន្ធកំណត់ល្បឿនពេលបើកបរ។ យ៉ាងណាមិញចំពោះរថយន្តអគ្គិសនី DSFK SERES 3 មិនទាន់បានបង្ហាញតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម