ទ្បានអគ្គិសនី Neta V Smart សាកភ្លើងម្តង ជិះបានចម្ងាយ ៤០១ គ.ម សម្រាប់ទីផ្សារថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើការដាក់បង្ហាញនូវម៉ូឌែល V Smart ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ នៅឯពិរពណ៍ Bangkok international Show Moto 2022 ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៤០១ គីទ្បូម៉ែត្រ តម្លៃចាប់ពី ១៨ ០១៨ ដល់ ២១ ០២១ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

រថយន្តនេះមានប្រវែងសរុប ៤ ០៧០ មម ទទឹង ១ ៦៩០ មម កម្ពស់ ១ ៥៤០ មម និងប្រវែងគម្លាតកង់ ២ ៤២០ មម។ វាបានបំពាក់ជាមួយម៉ុទ័រអគ្គិសនី ១ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៣៨ គីទ្បូវ៉ាត់ ផលិតកម្លាំង ៩៣សេះ និងកម្លាំងរមួល ១៥០ញ៉ូតុនម៉ែត្រ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៤០១ គីទ្បូម៉ែត្រ អាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៣,៩ វិនាទី និងល្បឿនអតិបរិមា ១២០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ខាងក្នុងនៃរថយន្តអគ្គិសនី Neta V Smart​ បានបំពាក់នូវអេក្រង់កណ្តាលបញ្ឈរធំទំហំ ១៤,៦អ៊ីញ,អេក្រង់បញ្ជាកណ្តាលគាំទ្រ ការរុករក និងប្រព័ន្ធសំលេង Smart Connect V2h។

លើសពីនេះ វាក៏ត្រូវបានបំពាក់ដោយរ៉ាដា ultrasonic ចំនួន ១២ ចំណុចខាងមុខ និងខាងក្រោយ ៨ ជារ៉ាដាចតរថយន្ត និង ៤ នៅក្បែរ កង់សម្រាប់ការចតដោយស្វ័យប្រវត្តិផងដែរ។

រថយន្តអគ្គិសនី Neta V Smart ក៏មានប្រព័ន្ធសុវត្ថិភាព L2 ដូចជា៖ ប្រព័ន្ធកំណត់ល្បឿនពេលបើកបរ, ប្រព័ន្ធរំឰកអ្នកបើកបរអោយនៅគន្លងផ្លូវ និងបន្ថយល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងប្រព័ន្ធព្រមានពីការប៉ះទង្គិចខាងមុខជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម