ធនាគារ មេយប៊ែង ខេមបូឌា សហការជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌីលើហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់រថយន្តអគ្គិសនីម៉ាក BYD

ភ្នំពេញ ថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសកម្ពុជា បានបន្តគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនាគតប្រកបដោយនិរន្តរភាព តាមរយៈការផ្តួចផ្តើមភាពជាដៃគូហិរញ្ញវត្ថុថ្មីមួយ ជាមួយនឹងក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ រថយន្ត BYD នៃសាខាមុនីវង្សនៅក្នុងប្រទេសកម្ពុជា។ ការចុះអនុស្សារណៈនៃការយោគយល់គ្នា ប្រារព្ធឡើងនៅសាលតាំងបង្ហាញរថយន្ត BYD សាខាមហាវិថីព្រះមុនីវង្សនាព្រឹកថ្ងៃនេះ។

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងការផ្តល់ហិរញ្ញប្បទានពិសេសសម្រាប់រថយន្តអគ្គិសនីរវាងក្រុមហ៊ុនទាំងពីរនេះ មានគោលបំណងបង្កើនលទ្ធភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជា ក្នុងការប្តូរមកប្រើប្រាស់រថយន្តថាមពលដោយអគ្គិសនីដែលផ្តល់នូវផលវិជ្ជមានដល់បរិស្ថាន។ ក្រោមកិច្ចសហការជាដៃគូនេះ អតិថិជនមានលទ្ធភាពទិញរថយន្ត BYD ថ្មីសន្លាងជាមួយនឹងការបង់ប្រាក់ដំបូងត្រឹម ៣០% និងអាចបង់បន្តនូវទឹកប្រាក់ដែលនៅសល់ជាមួយនឹងជម្រើសហិរញ្ញប្បទានជាមួយនឹងធនាគារ មេយប៊ែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត អតិថិជនដែលចាប់អារម្មណ៍លើរថយន្ត BYD នឹងចំនេញពីកម្មវិធីហិរញ្ញប្បទានពិសេស សម្រាប់កម្ចីរថយន្តអគ្គិសនីពីធនាគារ មេយប៊ែង ចាប់ពីថ្ងៃនេះរហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ស្របទៅនឹងកំណើនតម្រូវការរបស់អតិថិជនក្នុងស្រុក។ អំឡុងពេលនៃកម្មវិធីផ្តល់ជូនពិសេសនេះ អតិថិជននឹងរីករាយជាមួយនឹង​​អត្រា​ការប្រាក់ត្រឹមតែ ៩% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលទាបជាងបើធៀបទៅនឹងកម្ចីរថយន្តសាំង ឬម៉ាស៊ូត រីឯរយៈពេលកម្ចីអាចបត់បែនបានរហូតដល់ ៧ឆ្នាំ។​

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ធនាគារចំពោះចីរភាព ដោយលោកបានមានប្រសាសន៍ថា “នៅធនាគារ មេយប៊ែង ពាក្យចីរភាពមិនគ្រាន់តែជាពាក្យដែលយើងនិយាយដដែលៗនោះទេ ធាតុពិតវាជាស្នូលចម្បងមួយនៃយុទ្ធសាស្រ្តរបស់យើង និងអ្វីដែលយើងកំពុងអនុវត្តឥឡូវនេះ។ ជាក់ស្តែង យើងមានយុទ្ធសាស្រ្តជាក់លាក់ ដែលផ្តោតទៅលើ ការបង្កើនហិរញ្ញប្បទានបៃតងឲ្យស្របទៅនឹងការបន្តប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតប្រកបដោយចីរភាព។”

នៅក្នុងឆ្នាំ ២០២៣ ធនាគារ មេយប៊ែង ខេមបូឌា បានផ្តល់កម្ចីប្រមាណ ៤៦,១៩ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានប្រកបចីរភាព  ដែលនេះបានឆ្លុះបញ្ចាំងនូវការចូលរួមយ៉ាងសកម្មរបស់ខ្លួនក្នុងការជម្រុញការផ្តួចផ្តើមនានាដែលគាំទ្រដល់បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ (ESG)។ នេះក៏ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ សម្ព័ន្ធធនាគារ មេយប៊ែង ចំពោះចីរភាព និងគោលដៅក្នុងការក្លាយជាធនាគារឈានមុខក្នុងតំបន់អាស៊ានដែលគាំទ្រលើចីរភាព។

លោក រ័ត្ន សោភ័ណ​ បាន​បន្ថែមទៀតថា “ក្នុងនាមជាស្ថាប័នឯកជនមួយ យើងគាំទ្រ និងរួមចំណែកយ៉ាងពេញទំហឹងចំពោះផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា​​ ក្នុងការជម្រុញកំណើនការ​ប្រើប្រាស់​​យានយន្តអគ្គិសនីនៅកម្ពុជា ដោយមើលឃើញថាវាជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងពណ៌បៃតង។ តួនាទីរបស់យើង ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុគឺដើម្បីធានាថាការផ្លាស់ប្តូរទៅកាន់យុគសម័យរថយន្តអគ្គិសនី គឺមានភាពងាយស្រួល និងរលូន។”

លោកឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី បានបង្ហាញភាពវិជ្ជមានចំពោះភាពជាដៃគូនេះ ថានឹងជម្រុញឲ្យមានកំណើននៃការទទួលយករថយន្ត BYD ក្នុងប្រទេសកម្ពុជាដោយលោកបានលើកឡើងថា “យើងពិតជាមានក្តីសោមនស្សជាខ្លាំងចំពោះភាពជាដៃគូនេះ ហើយយើងជឿជាក់ថា វានឹងជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងវិស័យយានយន្តនៅប្រទេសកម្ពុជា ជាពិសេសគឺភាពវិជ្ជមានចំពោះបរិស្ថាន។”

លោកបានបន្ថែមថា “តាមរយៈការផ្តល់ជាជម្រើសសម្រាប់អតិថិជននូវ​ហិរញ្ញប្បទានពិសេស និងមានភាពបត់បែន យើងសង្ឃឹមថាវានឹងជម្រុញឲ្យប្រជាជនកម្ពុជាកាន់តែបើកចិត្តទទួលយករថយន្តដែលផ្តល់ផលល្អដល់បរិស្ថាន ខណៈដែលតម្លៃរបស់វាក៏កាន់តែសមរម្យជាងមុន។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុន BYD នឹងដឹកនាំបម្លាស់ប្តូរនៅប្រទេសកម្ពុជាក្នុងការប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីបានកាន់តែច្រើន រីឯភាពជាដៃគូរបស់ពួកយើងក្នុងថ្ងៃនេះជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងទិសដៅនេះ។”

ធនាគារ មេយប៊ែង បានបន្តកម្មវិធីឥណទានពិសេសសម្រាប់រថយន្តអគ្គិសនីនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤។ អតិថិជនដែលចាប់អារម្មណ៍រថយន្ត BYD និងចង់សិក្សាពីកម្ចីអាចមកប្រឹក្សាយ៉ាងងាយស្រួលនៅគ្រប់ ២១សាខា ធនាគារ មេយប៊ែង ទូទាំងប្រទេសកម្ពុជា ឬទីតាំងសាលតាំងបង្ហាញរថយន្ត BYD សាខាមហាវិថីព្រះមុនីវង្ស ដែល​​ផ្តល់​​នូវ​​ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជនក្នុងការផ្លាស់ប្តូរ​ ឬមានបំណងទិញរថយន្តដំណើរការដោយថាមពលអគ្គិសនីដំបូងរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម