ធ្លាប់លក់បានជាង ១៧ម៉ឺនគ្រឿង ពេលនេះលក់បានត្រឹមជាង ៧ម៉ឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំនៅសហរដ្ឋអាមេរិក បានចេញផ្សាយតួលេខលក់សម្រាប់ខែឧសភា និងតួលេខ​សម្រាប់​ឆ្នាំ២០២២ជារួម ដែលបង្ហាញថាចំនួនលក់បានថយចុះខ្លាំង។

ក្នុងអំឡុងខែឧសភា ក្រុមហ៊ុនអាចលក់រថយន្តបានត្រឹមជាង ៧៥ ០០០គ្រឿង ជាការថយចុះខ្លាំងបើធៀបនឹងចំនួនលក់ ១៧៦ ៨១៥​គ្រឿង ដែល​ទទួលបានកាលពីខែឧសភា ឆ្នាំ២០២១។ បន្ថែមពីនេះដែរ គិតចាប់ពីខែមករា មកដល់ខែឧសភា ចំនួនលក់សរុប​មាន ៤៣៥ ១៥៩គ្រឿង ដែល​ថយចុះ ៣៦% ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការថយចុះចំនួនលក់នេះ ត្រូវបាន​ក្រុមហ៊ុន​និយាយថាដោយសារ​បញ្ហា​សង្វាក់​ផ្គត់ផ្គង់ ហើយចំនួន​លក់​នេះដែរគឺបាន​រាប់​បញ្ចូល​ទាំង​ម៉ាក Honda និង Acura ដែលលក់លើទីផ្សារ​សហរដ្ឋអាមេរិក។

តាមនោះដែរ Honda CR-V នៅតែជារថយន្តលក់ដាច់ជាងគេ ដោយលក់បានជាង ១,៧ម៉ឺនគ្រឿង កាលពីខែឧសភា និង​ជាង ៩៣ ០០០គ្រឿង ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២២នេះ។ ឯរថយន្ត HR-V លក់ចេញបាន ១១ ២៥០គ្រឿង ក្នុងខែឧសភា ត្បិតថា​រថយន្ត​ស៊េរីថ្មី​គ្រោងចេញលក់នៅ​ថ្ងៃទី៧ ខែមិថុនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម