ធ្លាយដំណឹងថា Ford លុបចោលផែនការផលិតឡាន Bronco ប្រភេទភីកអាប់

ទោះបីជាក្រុមហ៊ុន Ford មិនដែលបានបញ្ជាក់អំពីផែនការផលិតរថយន្ត Bronco ប្រភេទភីកអាប់ក្ដី ប៉ុន្តែមានការរំពឹងទុកថារថយន្តនេះអាចនឹងបង្ហាញវត្តមានៅក្នុងឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងនឹងរថយន្ត Jeep Gladiator។

យ៉ាងណាក្ដី បើតាមសារព័ត៌មាន Automotive News ដែលបាននិយាយជាមួយប្រភពច្បាស់ការណ៍ចំនួនពីរ បានឲ្យដឹងថាផែនការផលិតរថយន្តភីកអាប់ Bronco ត្រូវបានរំសាយចោលហើយ។ Ford ត្រូវបានគេរាយការណ៍ថាបានផ្ដល់ដំណឹងនេះទៅដល់ដៃគូផ្គត់ផ្គង់ដែរ ប៉ុន្តែមិនបានប្រាប់អំពីហេតុផលនៃការរំសាយចោលនេះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលដែល Ford សម្រេចចិត្តលុបចោលផែនការនេះ អាចដោយសារតែរថយន្តភីកអាប់នាពេលបច្ចុប្បន្នរបស់ Ford គឺនៅតែលក់ដាច់ខ្លាំងក្នុងចំណោមរថយន្តដទៃទៀត ដែលមិនចាំបាច់បន្ថែមរថយន្ត Bronco ប្រភេទភីកអាប់នោះទេ។

Ford បាននិយាយថាពួកគេនៅបន្តឃើញមានតម្រូវការខ្លាំងក្លាសម្រាប់រថយន្តភីកអាប់ និង SUV គ្រប់ម៉ូដែលរបស់ខ្លួន រួមទាំងរថយន្តម៉ូដែល Bronco និងរថយន្តត្រកូល F-Series ដែលលក់ដាច់ខ្លាំងបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម