ខណៈពេលនៃការរង់ចាំការមកដល់នៃរថយន្ត Acura Integra សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ប្រទេសចិនបានបង្ហាញចេញនូវ Integra សម្រាប់ទីផ្សារប្រទេសចិន ដែលមានរូបររាងស្រដៀងគ្នាដូចបងប្អូន Honda Civic ជាមួយការរចនាថ្មីឡើងវិញលើផ្នែកខាងមុខ និងខាងក្រោយ។
សម្រាប់ទីផ្សារប្រទេសចិន Integra នឹងត្រូវផលិតនៅរោងចក្រ Guangqi Honda ក្នុងទីក្រុង Guangzhou ខណៈពេល Civic ផលិតនៅរោងចក្រ Dongfeng Honda នាទីក្រុង Wuhan។
សម្រាប់រថយន្តទាំងពីម៉ូឌែលនេះទទួលបានការចែករំលែកនូវការរចនាផ្នែកខាងក្នុង និងខាងក្រៅដូចគ្នា។ ជាក់ស្តែងដូចជា ចង្កៀងមុខប្រភេទ Adaptive Matrix LED ភ្ជាប់ទៅកាន់ប៉ាណា, ចង្កៀង LED ខាងក្រោយមានរូបរាងជាអក្សរ L និងបំពង់ស៊ីម៉ាំងភ្លោះ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ និងពណ៌តួរខ្លួនថ្មី Fiery Yellow និង Emerald Blue។
ចំណែកផ្នែកខាងក្នុងនៃរថយន្ត ក្រុមហ៊ុនពុំទាន់បញ្ចេញនូវឡើយ ប៉ុន្តែគេដឹងថារថយន្តនេះនឹងធ្វើការចែករំលែកផ្នែកខាងក្នុងដូចគ្នានឹងរថយន្ត Civic ដែលមានន័យថានឹងបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreenទំហំ ៩អ៊ីញ និងរន្ធម៉ាស៊ីនត្រជាក់ដូចសំបុក្រឃ្មុំនៅលើតាប្លូ។
លើសពីនេះព័ត៌មានអំពីម៉ាស៊ីននៃរថយន្តនេះក៏ពុំទាន់បញ្ចេញដូចគ្នាដែរ ប៉ុន្តែផ្នែកខាងក្រោយនៃរថយន្ត វាបានភ្ជាប់ជាមួយឡូហ្គូ Turbo ដែលបំពាក់ជាមួយម៉ាស៊ីន VTEC ចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ៕