រថយន្ត Koenigsegg CCXR Trevita មានតែ ២ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកនេះ ហើយមានមួយគ្រឿងកំពុងតែដាក់លក់ នៅឯ Southern California។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ជំនួសឲ្យការទិញដាច់ អ្នកក៏អាចបង់រំលស់វាដែរ។
ដើម្បីជួយលក់រថយន្ត Koenigsegg ដ៏កម្រនេះឲ្យឆាប់ដាច់ ក្រុមហ៊ុន Luxury Lease Partners បានផ្តល់ការបង់រំលស់ក្នុងមួយខែ ២៤ ០០០ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ឬ ៦០ខែ បន្ទាប់ពីបង់មុន ៦៥០ ០០០ដុល្លារ។
មកដល់ចំណុចនេះយើងអាចគិតបានថា រយៈពេល ៥ឆ្នាំ អ្នកនឹងចំណាយអស់ ១,៤៤លានដុល្លារ បូកជាមួយនឹងលុយបង់មុន ៦៥០ ០០០ដុល្លារទៀត ដូច្នេះវាឡើងដល់ទៅជាង ២លានដុល្លារបាត់ទៅហើយ។
ផ្ទុយទៅវិញ បើអ្នកគិតថាតម្លៃប៉ុណ្ណេះថ្លៃ មកដឹងតម្លៃដើមកាលវាចេញលក់ដំបូងសិន គឺរហូតដល់ទៅ ៤,៨លានដុល្លារឯណោះ សម្រាប់រថយន្ត Koenigsegg CCXR Trevita នេះ។
Koenigsegg CCXR Trevita មានបំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ twin-supercharged V8 មានកម្លាំងរហូតដល់ទៅ ១ ០១៨សេះ៕