Honda គឺជាក្រុមហ៊ុនប្រទេសជប៉ុន ដែលមានកិត្តិនាមល្បីល្បាញនៅលើទីផ្សារអន្តរជាតិជាយូរណាស់មកហើយ ជាមួយផលិតផលជាច្រើនរបស់ខ្លួន ហើយបើនិយាយអំពីរថយន្តកាលពីពេលថ្មីៗកន្លងទៅនេះ Honda បានធ្វើការបញ្ចេញនូវម៉ូឌែលរថយន្តជំនាន់ថ្មីរបស់ខ្លួនសម្រាប់ទីផ្សារសហរដ្ឋអាមេរិចខាងជើង ដែលជារថយន្តប្រភេទ Sub Compact SUV នោះគឺរថយន្ត Honda HR-V សេរ៊ីឆ្នាំ២០២៣ ប៉ុន្តែក្រឡេកទៅមើលនៅលើទីផ្សារប្រទេសចិន រថយន្តត្រូវបានអោយឈ្មោះថា Honda ZR-V។
ការរចនារូបរាងផ្នែកខាងក្រៅ
មើលទៅលើការរចនា គឹទទួលបាននូវការផ្លាស់ប្តូរថ្មីទាំងស្រុង ដោយមានលក្ខណៈ Clean, ស្ព័រ និងទាក់ទាញ។ ផ្នែកខាងមុខបានបំពាក់ជាមួយប៉ាណាឌីស្សាញជារាងសំបុក្រឃ្មុំ ដែល Honda អោយឈ្មោះថា Honeycomb និងអមសងខាងដោយសំណុំចង្កៀងប្រភេទ LED ដែលញាត់បញ្ជូលនូវអំពូលបំភ្លឺផ្លូវ និងបំភ្លឺពេលថ្ងៃរចនាជាខ្សែបន្ទាត់រាងស្លីម។ សម្រាប់នៅផ្នែកជំហៀងត្រូវបានប្រើប្រាស់ជាមួយជម្រើសថាសកង់ទំហំ ១៧-១៨អ៊ីញ និងផ្នែកខាងក្រោយក៏បានប្រើប្រាស់ជាមួយចង្កៀងប្រភេទ LED ដូចគ្នានឹងសំណុំចង្កៀងមុខផងដែរ។
សម្រាប់រថយន្តនេះ វាត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង Honda Global Architecture ដូចគ្នានឹងរថយន្ត Civic ជំនាន់ទី១១ ជាមួយប្រវែងសរុប ១៧៩,៨អ៉ីញ, ទទឹង ៧២,៤អ៉ីញ, កម្ពស់ ៦៣,៤អ៉ីញ និងប្រវែងគម្លាតកង់ ១០៤,៥អ៉ីញ។
ការរចនាផ្នែកខាងក្នុង
ក្រឡេកមកមើលការរចនាផ្នែកខាងក្នុង វាបានច្របាច់បញ្ជូលគ្នានូវគំនិតនៃការរចនាថ្មីទាំងស្រុងដោយយកចេញពី DNA ថ្មីរបស់ Honda ដែលផ្តល់អោយទៅលើម៉ូឌែលរថយន្តរបស់ខ្លួនជំនាន់ក្រោយ។ ជាក់ស្តែងដូចជា តាប្លូ, រន្ធម៉ាស៊ីនត្រជាក់រចនាជាសំបុក្រឃ្មុំ និងប្លុក Console កណ្តាល ដែលមើលទៅមានសភាព Premium និងរៀបចំបានស្អាត។
រីឯគ្រឿងបរិក្ខាដែលគួរអោយចាប់អារម្មណ៍រួមមាន កៅអីស្ព័រប្រភេទស្បែក និងភ្ជាប់ដោយមុខងារកម្តៅនៅផ្នែកខាងមុខ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, ជម្រើសអេក្រង់កម្សាន្ត Touchscreen ទំហំ ៧-៩អ៊ីញ ភ្ជាប់ដោយមុខងារឥតខ្សែ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតខ្សែ Wireless Phone Charger, ឧបរករណ៍បំពងសម្លេងចំនួន ៨ចំណុច កម្លាំង ១៨០វ៉ាត់ និងដំបូកបើកប្រភេទ Moonroof។
ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ
សម្រាប់ប្រព័ន្ធសុវត្ថិភាពនៃរថយន្ត Honda ពិតជាមិនអាចខ្វះបាននូវប្រព័ន្ធសុវត្តិភាព Honda Sensing ដែលរួមបញ្ជូលនូវមុខងារចំនួន ៨មានដូចជា៖
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលមានឧបសគ្គ ឬអ្នកថ្នើជើងឆ្លងកាត់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិCollision Mitigation Braking System (CMBS)
- ប្រពន្ធ័កំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិរថយន្តខាងមុខ Adaptive Cruise Control (ACC)with Low-Speed Follow
- Road Departure Mitigation System (RDM)
- Traffic Jam Assist
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង Lane Keeping Assist System (LKAS)
- ប្រព័ន្ធផ្តល់ពត៌មានពីឧបសគ្គដល់អ្នកបើកបរ Forward Collision Warning (FCW)
- ប្រព័ន្ធផ្តល់សញ្ញាមិនអោយងាកចេញពីគន្លងផ្លូវ Lane Departure Warning (LDW)
- ប្រព័ន្ធចាប់សញ្ញាស្លាក និងល្បឿនចរាចរណ៍ Traffic Sign Recognition System (TSR)
ព្រមទាំងរួមបន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរដូចជា៖
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត Blind Spot Information System (BSI)with Cross Traffic Monitor
- ប្រព័ន្ធទប់លំនឹងរថយន្ត Vehicle Stability Assist (VSA) with Traction Control
- ប្រព័ន្ធការពារមិនអោយជាប់គាំងហ្រ្វាំង Anti-Lock Braking System (ABS)
- ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងលើកង់ Electronic Brake Distribution (EBD)
- ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត Tire Pressure Monitoring System (TPMS)
និងជំនួយការបើកបរមួយចំនួនបន្ថែមទៀតផងដែរ។
ថាមពលម៉ាស៊ីន
ក្រៅពីប្រើប្រាស់នូវគ្រោងឆ្អឹង និងគ្រឿងបរិក្ខាទទួលបានពី Honda Civic ហើយវាក៏នឹងប្រើប្រាស់នូវម៉ាស៊ីនដូចគ្នាផងដែរ ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT និងប្រព័ន្ធបើកបរប៉ុង២ ដែលអាចជួយអោយល្បឿនស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,៦ វិនាទី។
តម្លៃ
បើក្រឡេកទៅមើលតម្លៃនៃម៉ូឌែលឆ្នាំ ២០២៣ សម្រាប់ទៅផ្សារសហរដ្ឋអាមេរិចនេះ វាមានតម្លៃចេញពីរោងចក្រចាប់ពី ២៣ ៦៥០ដុល្លារ សម្រាប់ម៉ូឌែល LX, តម្លៃចាប់ពី ២៥ ៦៥០ដុល្លារ សម្រាប់ម៉ូឌែល Sport និងចាប់ពី ២៧ ៤៥០ដុល្លារ សម្រាប់ម៉ូឌែលកប់បំផុត EX-L៕