
ដើម្បីបំពេញបំណង ក៏ដូចជាតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Seres ដែលជាដៃគូសហការផលិតរថយន្ត Aito របស់ក្រុមហ៊ុន Huawei បានបញ្ចេញនូវប៉ាតង់មួយដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាប៉ាតង់សម្រាប់ការរចនាបង្គាន់ក្នុងរថយន្តសម្រាប់រថយន្តគ្រួសារទំនើបៗរបស់ខ្លួន។

យោងតាមការចុះផ្សាយពីសារព័ត៌មានចិន Car News China បានបង្ហាញថា បង្គន់ក្នុងរថយន្តនេះ គឺត្រូវបានរចនាឡើងដោយលាក់នៅផ្នែកខាងក្រោមកៅអីអ្នកដំណើរ ដោយនៅពេលត្រូវការប្រើប្រាស់គឺអ្នកប្រើប្រាស់អាចទាញចេញពីក្រោមកៅអីមកប្រើប្រាស់បាន បន្ទាប់ពីប្រើប្រាស់រួចអាចរុញចូលក្រោមកៅអីវិញ។

យ៉ាងណាមិញ នេះគ្រាន់តែជាគំនិតរចនានៅឡើយទេ ចំណែកឯការផលិតចេញជាឡានពិតប្រាកដសម្រាប់លក់លើទីផ្សារគឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីក្រុមហ៊ុន Seres នៅឡើយទេ ហើយការរចនានេះក៏ប្រឈមនឹងឧបសគ្គខ្លាំងផងដែរ។ តួយ៉ាងដូចជាផ្នែករៀបចំបំពង់បង្ហូរទឹកក្នុងរថយន្ត កន្លែងស្តុកទឹក កាកសំណល់ ឬក្លិនជាដើម។ ជាពិសេស គឺពិបាកសម្រាប់រថយន្តអគ្គិសនីសុទ្ធ ដែលបំពាក់ជាមួយកញ្ចប់អាគុយដែលស្ទើពេញបាតរថយន្ត។

គួរបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន Seres ពួកគេពុំមែនជាក្រុមហ៊ុនដំបូងគេនោះទេដែលបានបង្ហាញនូវគំនិតនៃការរចនាបង្គន់ក្នុងរថយន្តបែបនេះ ដោយកាលពីមុនក៏មានក្រុមហ៊ុន Polestone បង្ហាញចេញនូវគម្រូបន្ទប់ទឹកក្នុងរថយន្ត ដោយមានទីតាំងនៅកន្លែង Console ខាងមុខសម្រាប់ប្រើជាមួយថង់ប្លាស្ទិកដែលអាចចោលបានផងដែរ៕














