[បរទេស] កាលពីខែកក្កដា កន្លងទៅ រថយន្ត Honda CR-V ជំនាន់ទី ៦ ស៊េរីថ្មី ត្រូវបានដាក់បង្ហាញនៅសហរដ្ឋអាមេរិកជាមួយប្រភេទម៉ាស៊ីនសាំង និងប្រភេទម៉ាស៊ីនកូនកាត់ Hybrid។ ខណៈពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចុងក្រោយបង្អស់របស់ប្រទេសចិន បានបង្ហាញនៅរូបភាពរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ប្រភេទ Plug-in Hybrid ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន។
យោងតាមរូបភាពនេះ Honda CR-V e:PHEV ថ្មីរក្សានូវរចនាប័ទ្មដូចទៅនឹងរថយន្ត Honda CR-V ប្រភេទម៉ាស៊ីនសាំង និងប្រភេទ Hybrid របស់ CR-V e:HEV ជាមួយនឹងឡូហ្គោ H-Mark តុបតែងជាមួយពណ៌ខៀវ និងឡូហ្គោ e:PHEV នៅលើទ្វារក្រោយ និងថាសកង់ទំហំ ១៨ អ៊ីញ ដល់ ១៩ អ៊ីញ។ រថយន្តនេះ មានតួខ្លួនមានប្រវែងសរុប ៤ ៧០៣ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០១ ម.ម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ប្រភេទ e:PHEV ថ្មីនឹងត្រូវបានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ មានកម្លាំង ១៥០ សេះ គួបផ្សំនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៨៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត Honda CR-V e:PHEV ថ្មីនេះ នឹងមានលក់ជាពីរប្រភេទ គឺទាំងអាគុយ Hybrid ទំហំ ១៧,៧ គីឡូវ៉ាត់ម៉ោង។ ក្នុងនោះ ម៉ូដែលមួយអាចបើកបរក្នុងរបៀបអគ្គិសនីសុទ្ធបានចម្ងាយ ៧១ គីឡូម៉ែត្រ និងកម្រិតស៊ីប្រេងជាមធ្យម ១៧,២ គីឡូម៉ែត្រ/លីត្រ ឬ ៥,៨១ លីត្រ/១០០ គីឡូម៉ែត្រ។ ខណៈម៉ូដែលមួយទៀតអាចបើកបរក្នុងរបៀបអគ្គិសនីបាន ៧៣ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងជាមធ្យមគឺ ១៨,២1 គីឡូម៉ែត្រ/លីត្រ ឬ ៥,៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ ៕