ប្រទះឃើញភីកអាប់ថ្មីរបស់ក្រុមហ៊ុន KIA កំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] រថយន្តភីកអាប់របស់ក្រុមហ៊ុនផលិតរថយន្ត Kia ដែលមានពាក្យចចាមអារ៉ាមជាយូរមកនេះ ទីបំផុតចាប់ផ្តើមចេញរូបរាងហើយ ដោយបានប្រទះឃើញកំពុងបើកបរសាកល្បងជាមួយការបិតបាំងតួខ្លួននៅលើដងផ្លូវ។ ខណៈពេលដែលនៅមិនច្បាស់ពីរូបភាពទាំងនេះ ថាជាគំរូនៃការអភិវឌ្ឍន៍ដំបូង ឬជាគំរូសាកល្បងនោះទេ។

តាមរូបភាពដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតដោយអ្នកប្រើប្រាស់របស់ Bobaedream និង Kia_Club_Official យើងឃើញថាផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយការបិទបាំងតួខ្លួន ប៉ុន្តែមានចង្កៀងមុខប្រភេទ LED មើលទៅដូចគ្នាបេះបិទទៅនឹងរថយន្ត Kia Mohave ជាមួយឡូហ្គោ Kia និងប៉ាណាមុខ របាំងការពារភក់ខាងមុខដែលប៉ោងឡើង បើទោះបីជាការបិទបាំងផ្លាស្ទិចបាត់ពីជុំវិញកង់ក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចគ្នានេះដែរ ទីតាំង A-pillar, ទ្វារខាងមុខ និងកញ្ចក់ក៏ដូចគ្នាទៅនឹងរថយន្ត KIA Mohave, ឃ្លុបខាងក្រោយរចនារាងជាជ្រុងថ្មីប្រវែងវែង និងមានកំពស់ខ្ពស់ពីដីជាងមុន។ ចង្កៀងក្រោយស្រដៀងទៅនឹងភីកអាប់ Hilux មួយ​គូ​ត្រូវ​បាន​ដាក់​នៅទីតាំងខាង​កែង ដោយ​ទុក​កន្លែង​សម្រាប់​ទម្លាក់ទ្វាឃ្លុបចុះ​ក្រោម​ និងប្រព័ន្ធចាក់សោរប៉ុង​​ខាងក្រោយ​ក៏​មើល​ឃើញ​ពី​ក្រោម​ដែរ។

ដូចដែលបានបង្ហាញដោយគេហទំព័រ The Korean Car Blog នៅឯ Kia Investor Day ដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Kia បានបញ្ជាក់ថា ខ្លួននឹងដាក់បង្ហាញរថយន្តភីកអាប់អគ្គិសនីចំនួន ២ ក្នុងចំណោមរថយន្តអគ្គិសនីថ្មីចំនួន ១៤ ដែលគ្រោងនឹងដាក់បង្ហាញនៅឆ្នាំ ២០២៧ ដោយមួយក្នុងចំណោមរថយន្តទាំងនោះគឺ “រថយន្តភីកអាប់ពិសេស និងគំរូយុទ្ធសាស្ត្រសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន” ផ្សេងទៀត។

សម្រាប់រថយន្តភីកអាប់នេះ អាចជាគូរប្រកួតប្រជែងជាមួយ Toyota Hilux និង Ford Ranger។ ខណៈ គេនៅមិនទាន់ច្បាស់ទេថា ភីកអាប់ផ្អែកលើម៉ាស៊ីនដូចរបស់រថយន្ត Kia Mohave ដែរឬទេ។ បន្ថែមពីនេះ គេរំពឹងថា ភីកអាប់ថ្មីរបស់ក្រុមហ៊ុន KIA នេះអាចជារថយន្តដើរដោយថាមពលអគ្គិសនី ។ ទោះយ៉ាងណាក៏ដោយ មានតែការបញ្ជក់ពិ Kia បន្ថែមអំពីផែនការអនាគតរបស់រថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម