វិបសាយរថយន្ត Motor1 បានប្រទះឃើញពាក្យចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ឡូហ្គោថ្មី ដែល Kia បានដាក់ជូនទៅកាន់សេវាកម្មព័ត៌មានកម្មសិទ្ធិបញ្ញាកូរ៉េខាងត្បូង។
នេះមិនមែនជាលើកទីមួយនោះទេ ដែលគេបានឃើញឡូហ្គោថ្មីរបស់ Kia។ គេបានឃើញវាម្ដងរួចមកហើយ នៅលើរថយន្ត Concept ដែល Kia បានបង្ហាញក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show កាលពីខែមីនា។ ប៉ុន្តែវាមានលក្ខណៈខុសគ្នាបន្តិចបន្តួច។
ឡូហ្គោដែលបង្ហាញក្នុងពាក្យស្នើសុំ គឺមានដកចេញនូវសញ្ញាដកឃ្លា ហើយអក្សរ K, I និង A គឺមានផ្សារភ្ជាប់គ្នាតែម្ដង។ ចំណែកលើរថយន្ត Concept គឺមានអក្សរដែលឃ្លាតចេញពីគ្នា។ ពេលនេះគេមិនទាន់ច្បាស់នៅឡើយទេ ថាឡូហ្គោថ្មីនឹងចាប់ផ្ដើមប្រើប្រាស់ពេលណា៕