ប្រភពផ្ទៃក្នុងប្រាប់ដំណឹងអំពី Ford Ranger និង Ford F-150 ថ្មី

ប្រភព​ផ្ទៃ​ក្នុង​ដែល​ធ្លាប់​បាន​ប្រាប់​ដំណឹង​ត្រូវៗ​ពី​មុន​ទាក់ទង​នឹង​ផែនការ​របស់ Ford បាន​ប្រាប់​ដល់​សារព័ត៌មាន​ Motor1 អំពី​ផែនការ​ដែល Ford មាន​សម្រាប់​រថយន្ត​ជំនាន់​ថ្មី​ជា​ច្រើន​ម៉ូដែល។

ក្នុង​នោះ​មាន​ទាក់ទង​នឹង​ Ford F-150 ដែល​រថយន្ត​នេះ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​សម្រាប់​ម៉ូដែល​ឆ្នាំ ២០២១ ហើយ​ប្រភព​និយាយ​ថា​ការ​ផលិត​សាក​ល្បង​​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​រោងចក្រ​ដំឡើង​នៅ Kansas City របស់ Ford ជា​មួយ​ការ​ផលិត​ស្តង់ដារ​​កំណត់​ថា​ចាប់​ផ្ដើម​នា​ខែ​សីហា​នេះ។ រោងចក្រ​ដំឡើង​រថយន្ត Ford F-150 ​ផ្សេង​ទៀត​ដែល​ស្ថិត​​នៅ​ទីក្រុង Detroit នឹង​ចាប់​ផ្ដើម​ការ​ផលិត​មុន​រោងចក្រ​នៅ​ Kansas City ប៉ុន្មាន​សប្ដាហ៍ ពោល​គឺ​នៅ​ខែ​កក្កដា។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​កាល​បរិច្ឆេទ​ដែល​រថយន្ត​នេះ​បង្ហាញ​រូប​រាង​ជា​ផ្លូវ​ការ​នៅ​ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភព​បាន​ប្រាប់​ដែរ​ថា​ Ford F-150 ថ្មី​នឹង​មាន​ការ​​ផ្លាស់​ប្ដូរ​ឌីហ្សាញ​ច្រើន ប៉ុន្តែ​មិន​មែន​ជា​ជំនាន់​ថ្មី​នោះ​ឡើយ ដែល​វា​នឹង​បន្ត​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដែល​មាន​ប្រើ​តាំង​ពី​ឆ្នាំ ២០១៤។ លើស​ពី​នេះ​ F-150 ជំនាន់​បន្ទាប់​គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​ ដែល​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី ហើយ​អាច​ចេញ​នៅ​ឆ្នាំ ២០២៦។

បន្ទាប់​មក​ទៀត​គឺ​ Ford Ranger ជំនាន់​ថ្មី​ដែល​នឹង​ទៅ​ដល់​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០២២ ប៉ុន្តែ​វា​នឹង​មាន​លក់​នៅ​ទីផ្សារ​ក្រៅ​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ។ សម្រាប់​ F-150 Raptor វិញ​ក៏​នឹង​វិល​ត្រឡប់​ជា​មួយ F-150 ដែល​មាន​ការ​ឌីហ្សាញ​ថ្មី ហើយ​នឹង​ចេញ​លក់​នៅ​អំឡុង​ឆ្នាំ ២០២១។

រថយន្ត Ford Bronco កំពុងរត់សាកល្បង

​គេ​ក៏​បាន​ប្រាប់​ទាក់ទង​នឹង​រថយន្ត​ Mustang ដែល​រថយន្ត​ជំនាន់​ថ្មី​នឹង​លេច​មុខ​ក្នុង​ឆ្នាំ ២០២២ ​លក់​លើ​ទីផ្សារជា​ម៉ូដែល​ឆ្នាំ ២០២៣។ ចំណែក​រថយន្ត​ Bronco វិញ​វា​នឹង​ចាប់​ផ្ដើម​ការ​ផលិត​យូរ​ផលិត​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ ដូច​នេះ​វា​នឹង​ដល់​ដៃ​អតិថិជន​នៅ​អំឡុង​ខែ​មករា ឬ ខែ​កុម្ភៈ ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម