គួររំលឹកដែរថា កាលពីខែមិនាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការកែសម្រួលអាត្រាពិសេសលើមុខទំនិញមួយចំនួន ជាក់ស្តែងក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនបានធ្វើការអនុវត្តតាមសេចក្តីប្រកាសនោះផងដែរ។ ស្របគ្នានេះដែរ ក្នុងពេលបច្ចប្បន្នការនាំចូលរថយន្តប្រើប្រាស់រួច ឬថ្មីពីប្រទេសផ្សេងៗ ដូចជាសហរដ្ឋអាមេរិចជាដើម មានកើនឡើងយ៉ាងខ្លាំង។ ជាថ្មីម្តងទៀត ក្រុមការងារខេមបូអូតូ សូមធ្វើការបង្ហាញជូនវីធីសាស្រ្តនៃការគណនាលើពន្ធ និងអាករលើទំនិញនាំចូល នាំចេញ មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង ថាតើប្រសិនចង់នាំចូលរថយន្តពីក្រៅប្រទេស តើត្រូវបង់ពន្ធសរុបប៉ុន្មាន?
ចំពោះការគណនាប្រាក់ពន្ធ អាករ ត្រូវគណនាតាមលំដាប់លំដោយ ជាដំបូងត្រូវគណនាពន្ធនាំចូល អាករពិសេស (បើមាន) និងអាករលើតម្លៃបន្ថែម។
- ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
- អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
- អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x ១០% (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅមិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម (ចំពោះទំនិញទូទៅជាប់អាករពិសេស)
ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!
ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ចឹងសម្រាប់ពន្ធនាំចូលគឺ 35% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid 50% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។
- ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ និងអាករសរុប = ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម
ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖
-
- ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
- អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
- អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
ចឹងយើងអាចធ្វើការគណនា៖
- ពន្ធនាំចូល = 11,600 x 35% = 4,060
- អាករពិសេស = (11,600 + 4,060) x 50% = 7,830
- អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
- ប្រាក់ពន្ធ និងអាករសរុប = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239
- មានកន្លែងណាមិនយល់អាចសួរខ្ញុំបាន អរគុណ!
ទាំងនេះគ្រាន់តែជាគណនាពន្ធតែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ និងប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូលមួយទៀត។