ប្រសិនបើតម្រូវការប្រើប្រាស់មួយថ្ងៃៗមានច្រើនបែបនេះ តើពិភពលោកនឹងអស់ប្រេងនៅពេលណាទៅ?

នៅក្នុងរយៈពេលចុងក្រោយនេះយើងបានដឹងហើយថា ដោយសារតែសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងជាខ្លាំង ដែលក្នុងនោះក៏រួមបញ្ចូលនូវប្រទេសកម្ពុជាយើងផងដែរ។ ចំណែកតម្រូវការប្រើប្រាស់ប្រេងក្នុងមួយថ្ងៃៗវិញ ក៏មានចំនួនកាន់ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ អញ្ចឹង ប្រសិនបើតម្រូវការក្នុងប្រើប្រាស់ប្រេងមួយថ្ងៃៗមានចំនួនច្រើនបែបនេះ តើពិភពលោកនឹងអស់ប្រេងនៅពេលណាទៅ?

បើយោងតាមទិន្នន័យសិក្សាចុងក្រោយបំផុតពី Worldometer គិតត្រឹមដើមឆ្នាំ ២០២៥ បានឲដឹងថា សម្រាប់បរិមាណប្រេងឆៅសរុបរបស់ពិភពលោក ឬប្រេងឆៅបម្រុងរបស់ពិភពលោក ដែលបានរកឃើញ និងបានបញ្ជាក់មានចំនួនប្រហែលតែ ១,៧៧ ទ្រីលានបារ៉ែលប៉ុណ្ណោះ។ ដូចនេះ បើយកចំនួនប្រេងដែលបានរកឃើញនេះ ចែកនឹងចំនួនប្រេងដែលមនុស្សប្រើប្រាស់ក្នុងមួយឆ្នាំៗដែលមានចំនួនប្រហែលពី ៣៥ ទៅ ៣៦ប៊ីលីនបារ៉ែលក្នុងមួយឆ្នាំ នោះប្រហែលតែ ៤៧ ឆ្នាំទៀតប៉ុណ្ណោះ ពោលគឺអាចនៅឆ្នាំ ២០៦០ ឬ ២០៧០ ពិភពលោកនឹងអស់ប្រេងជាមិនខាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ នេះមិនមែនមានន័យថាពិភពលោកនឹងអស់ប្រេងទាំងស្រុងនោះទេ ព្រោះនៅពេលអនាគត មានបច្ចេកវិទ្យាជឿនលឿន គេអាចបូមប្រេងចេញពីកន្លែងដែលពីមុនបូមមិនកើត ធ្វើឱ្យចំនួនប្រេងបម្រុងកើនឡើងជាងមុន។ ជាពិសេស គឺការរកឃើញអណ្តូងប្រេងថ្មីៗ រួមជាមួយការប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញដូចជា ថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងថាមពលអគ្គិសនី ដែលធ្វើឱ្យតម្រូវការប្រេងថយចុះ និងប្រើប្រាស់បានកាន់តែយូរ។

គួរបញ្ជាក់ផងដែរថា សម្រាប់់ប្រទេសទាំង ៣ ដែលមានប្រេងបម្រុងច្រើនជាងគេបំផុតនៅក្នុងពិភពលោករួមមាន៖

១) ប្រទេសវ៉េណេស៊ុយអេឡា៖ មានទុនបម្រុងប្រេងចំនួន ៣០៣ ពាន់លានបារ៉ែល ស្មើនឹង ១៧,១៧% នៃប្រេងពិភពលោក។

២) ប្រទេសអារ៉ាប៊ីសាអូឌីត៖ មានទុនបម្រុងប្រេងចំនួន ២៦៧ ពាន់លានបារ៉ែល ស្មើនឹង ១៥,១៤% ។

៣) ប្រទេសអ៊ីរ៉ង់៖ មានទុនបម្រុងប្រេងប្រហែល ២០៨ ពាន់លានបារ៉ែល ស្មើនឹង ១១,៨២% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម