
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Changan Hunter K50 ប្រភេទ EREV នៅឯពិព័រណ៍រថយន្ត Bangkok Motor Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃផ្លូវការលក់ក្រោម ៣២ ៤០០ ដុល្លារ។
Changan Hunter K50 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧២ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាអគុយ ដែលផ្តល់ចម្ងាយបើកបរបាន ១៣១ គីឡូម៉ែត្រ ខណៈប្រើអគ្គិសនី លាយសាំង អាចបើលបរបានដល់ទៅ ៩០០ គីឡូម៉ែត្រ ។
ភីកអាប់នេះ មានប្រវែងតួខ្លួនសរុប ៥ ៦៣០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៨៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៤៣០ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពហាប់ណែន ដោយបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងប្រព័ន្ធផ្ទេរថាមពលនៅឃ្លុបផ្នែកខាងក្រោយដែលមានកម្លាំង ៣,៣ គីឡូវ៉ាត់
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ផ្លិតទឹកអូតូ កៅអីស្រោបដោយស្បែកមានមុខងារកំដៅ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕