ភីកអាប់ Ford F-Series Super Duty ២០២៣ គិតជាមធ្យមក្នុង ១ថ្ងៃ ទទួលបានការកក់ច្រើនជាង ១មុឺនគ្រឿង

[បរទេស] កាលពីចុងខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបើកទទួលការកក់នៅរថយន្តភីកអាប់ Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ ៤៣ ៩៧០ ដុល្លារ​ ដោយត្រឹមរយៈពេល ៥ថ្ងៃ ទទួលបានការកក់ទុកមុន ៥២ ០០០​ គ្រឿង គិតជាមធ្យមក្នុង ១ថ្ងៃ ទទួលបានការកក់ ១០ ៤០០ គ្រឿង។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនេះមិនគួរឲ្យភ្ញាក់ផ្អើលពេកទេ ដោយសារតែភីកអាប់ F-Series Super Duty ស៊េរីឆ្នាំ ២០២៣ មានការផ្លាស់ប្តូរថ្មីៗខុសពីម៉ូឌែលកន្លង ជាក់ស្តែដូចជាឈ្នាន់ឡើងទ្រុងក្រោយ​ថ្មី និងជម្រើស Pro Power On-Board ដ៏ពេញនិយមដូចទៅនឹង F-150 ដែលមានថាមពល ២គីឡូវ៉ាត់ ដែលអាចប្រើបានសម្រាប់ផ្តល់ថាមពលដល់ឧបករណ៍ផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមជាមួយប្រព័ន្ធ Trailer Navigation system ថ្មីទាំងស្រុង ដែលអាចជ្រើសរើសទិសដៅដោយផ្អែកលើទំហំ និងទម្ងន់ដែលកំពុងអូសសណ្តោង ដែលជួយឲ្យអ្នកបើកបរជៀសចេញពីឧបសគ្គផ្សេងៗ។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន កាំមេរ៉ា Tailgate Down Camera, ប្រព័ន្ធសេនស័រ Tailgate Down Reverse Sensing និងប្រព័ន្ធផ្តល់សញ្ញា Trailer Theft Alert system ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន និងអាប់ដេតមួយចំនួន រួមទាំងម៉ាស៊ីនចំណុះ ៦,៨ លីត្រ V8 ចំណុះ អាចផលិតកម្លាំងវាប ៤០៥ សេះ និងកម្លាំងរមូល ៦០៣ ញ៉ូតុនម៉ែត្រ ។ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនចំណុះ ៧,៣ លីត្រ V8 ចំណុះ អាចផលិតកម្លាំងបាន ៤៣០ សេះ និងកម្លាំងរមួល ៦៥៧ ញ៉ូតុនម៉ែត្រ ។

ខណៈ នៅផ្នែកខាងម៉ាស៊ីនម៉ាស៊ូតវីញ មានចំណុះ ៦,៧ លីត្រ Power Stroke V8 ផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ១ ៤២២ ញ៉ូតុនម៉ែត្រ ។ អតិថិជនក៏អាចទទួលបានម៉ូដែលដែលមានកម្លាំង ៥០០ សេះ និងកម្លាំងរមួល ១ ៦២៥ ញ៉ូតុនម៉ែត្រផងដែរ  ។

គួរបញ្ជាក់ផងដែរ ដំណឹង​នេះ​មិន​ល្អ​ទាំងស្រុងនោះទេ ព្រោះ​ការ​លក់​នៅ​ខែ​តុលា​បាន​ធ្លាក់​ចុះ ១០% ពី​ឆ្នាំ​មុន​មក​នៅ​ត្រឹម ១៥៨ ៣២៧ គ្រឿង។ ពួកគេត្រូវបានទាញចុះមួយផ្នែក ដោយសារតែការលក់យឺតរបស់ Ranger, Edge និង Lincoln Nautilus ដែលទាំងអស់បានធ្លាក់ចុះប្រហែល ៤៥% កាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម