ភីកអាប់ Ford Maverick ប្រភេទ Hybrid ចាក់មួយពេញ អាចជិះបានដល់ក្បែរ ១ពាន់គីឡូម៉ែត្រ

រថយន្ត Ford Maverick បានក្លាយជារថយន្តភីកអាប់ខ្នាតតូចដ៏ពេញនិយមមួយ ដោយចំណុចខ្លាំងរបស់វាគឺមានតម្លៃធូរថ្លៃត្រឹមចាប់ពី ១៩ ៩៩៥ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក ដែលបង្ហាញខ្លួនត្រឹមមួយសប្ដាហ៍មានអ្នកកក់ទិញដល់ជាង ៣៦ ០០០គ្រឿង។

បន្ថែមពីនេះសមត្ថភាពសន្សំសំចៃប្រេងរបស់ប្រភេទ Hybrid នៃរថយន្តនេះក៏ជាចំណុចទាក់ទាញខ្លាំងមួយដែរ ដោយតួលេខផ្លូវការពីស្ថាប័ន EPA បង្ហាញថាវាមានកម្រិតស៊ីប្រេង ៥,៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ពេលបើកក្នុងក្រុង និងជាមធ្យមស៊ីប្រេង ៦,៣៥លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយមានធុងប្រេងចំណុះ ៦២,៧លីត្រ និងកម្រិតស៊ីប្រេងជាមធ្យម ៦,៣៥លីត្រ មានន័យថារថយន្ត Maverick Hybrid អាចបើកបរបានចម្ងាយជាង ៥០០ម៉ាយ (ប្រមាណ ៨០៥គីឡូម៉ែត្រ) ពេលចាក់ប្រេងពេញ ដែលជារយៈចម្ងាយឆ្ងាយមួយ។

យ៉ាងណាក្ដីតាមការធ្វើតេស្តបើកបរជាក់ស្ដែងរបស់អតិថិជនម្នាក់បានបង្ហាញថារថយន្តភីកអាប់នេះអាចសន្សំសំចៃប្រេងបានល្អលើសពីការរំពឹងទុក ដោយ​ផ្អែកតាមអ្នកប្រើប្រាស់ឈ្មោះ Mavforever បានអះអាងដោយភ្ជាប់ជាមួយរូបភាពថារថយន្តរបស់ខ្លួនអាចជិះបានរហូតដល់ប្រមាណ ៩៥៧គីឡូម៉ែត្រ ហើយកុងទ័របញ្ជាក់ថានៅអាចបើកបរបន្តបាន ៣៨គីឡូម៉ែត្រ ថែមទៀត មុនរថយន្តអស់ប្រេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម