[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Mitsubishi Triton Sport Edition ស៊េរីឆ្នាំ ២០២៣ ដែលនឹងត្រូវបានផលិតក្នុងចំនួនមានកំណត់ត្រឹម ៤០០ គ្រឿងសម្រាប់ទីផ្សារប្រទេសអូស្រ្តាលី។
ម៉ូដែលពិសេសនេះ ត្រូវបានផ្អែកលើ GLS Deluxe ជាមួយនឹងរចនាប័ទ្មតួរថយន្ត Dual Cab ប៉ុន្តែមានលក្ខណៈពិសេសមួយចំនួននៃរចនាប័ទ្មដែលសម្គាល់វាពីស៊េរីដែលនៅសល់ ដូចជា ប៉ាណាមុខ ត្រឡោកកញ្ចក់ ថាសកង់ស្ព័រ និងកាងខាងក្រោយត្រូវបានតុបតែងជាមួយពណ៌ខ្មៅ ជាមួយនឹងក្រូម៉េ chrome dynamic Shield មានពណ៌ប្រផេះ។
បន្ទះការពារបាតក្រោមខាងមុខ ឈ្នាន់ជើងចំហៀង និងកាងខាងក្រោយក៏ត្រូវបានតុបតែងជាមួយពណ៌ក្រហម។ ខណៈស្ទីកគ័ ពណ៌ក្រហម ឆ្នូតប្រផេះត្រូវបានបន្ថែមលើគម្របម៉ាស៊ីន និងផ្នែកខាងក្រោយដែលបន្ថែមភាពកាន់តែស្ព័រផងដែរ។
រីឯនៅផ្នែកខាងក្នុង កៅអីត្រូវបានស្រោបដោយស្បែកខ្មៅជាមួយនឹងថ្នេដេរពណ៌ក្រហម ដូចទៅនឹង GLS Deluxe ដែលវាត្រូវបានផ្អែកលើ។ បន្ថែមពីនេះ Sport Edition ភ្ជាប់មកជាមួយកៅអីអ្នកបើកបរដែលមានមុខងារកំដៅ និងលៃតម្រូវតាមរយៈថាមពលអគ្គិសនី និងដៃទ្វារស្រោបដោយស្បែកផងដែរ។ មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរផ្សេងទៀតសម្រាប់ត្រកូល Triton ឆ្នាំ ២០២៣ រួមមានការបន្ថែមឈ្នាន់ជើងចំហៀងពណ៌ខ្មៅជាស្តង់ដារនៅក្នុងប្រភេទ GLX trim នឹងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញសម្រាប់ GLX-R និង GLS ។
ទីបំផុត ក្រុមហ៊ុន Mitsubishi បានដកម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ដែលមានតែនៅក្នុង Triton GLX Single Cab Chassis ប៉ុណ្ណោះ។ នេះមានន័យថា សម្រាប់ប្រភេទ Triton ទាំងអស់ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbodiesel ដែលផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងប្រអប់លេខដៃ ៦ វគ្គ និងជម្រើសប៉ុង ១ និងប៉ុង ២ផងដែរ។
តាមការគ្រោងទុក ម៉ូដែលពិសេស Mitsubishi Triton ស៊េរីឆ្នាំ ២០២៣ នឹងដាក់លក់ក្នុងខែធ្នូ ជាមួយនឹងតម្លៃចាប់ពី ១៩ ៦១១ ដុល្លារ ដល់ ៤១ ២២៧ ដុល្លារ។ ខណៈ ម៉ូដែល Triton Sport Edition 4×4 drive system មានតម្លៃ ៣៦ ០០០ ដុល្លារ នៅប្រទេសអូស្ត្រាលី ៕