[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Radar ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Riddara RD6 ប្រភេទរថយន្តចង្កូតស្តាំ ដែលមានតម្លៃលក់ចាប់ពី ២៣ ៥០០ ដុល្លារ ដល់ ៣៥ ៣០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ។
គួរបញ្ជាក់ផងថារថយន្តនេះត្រូវបានប្រជាជនថៃមានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងប្រទេសថៃមានការប្រើប្រាស់ភាគច្រើនគីជារថយន្តភីលអាប់ពោលគឺ ៤០ ភាគរយ ពេញមួយផ្ទៃប្រទេស ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅពិព័រណ៍រថយន្តអន្តរជាតិថៃលើកទី៤១ នៅខែវិច្ឆិកាខាងមុខនេះ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង MAP មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៨៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដោយទទួលបានម៉ាសុីនដំណើរការចំនួន ២ ជម្រើសរួមមាន៖
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ 2WD ជាស្តង់ដារ។
- ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ 4WD ជាស្តង់ដារ។
ចំពោះរថយន្តនេះនឹងបំពាក់ដោយអាគុយទំហំ ៦៦, ៧៣ និង ៨៦ គីឡូវ៉ាត់ម៉ោង ឫក៏ ១៤០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយពី ៤១៥ ទៅ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានសមត្ថភាពអូសទាញសណ្តោងបាន ២ ៥០០ គីឡូក្រាម និងបន្ទុកទម្ងន់បាន ៧៧៥ គីឡូក្រាម ។