រថយន្តពណ៌សនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដោយសារមើលទៅមានសភាពស្អាតជាងពណ៌តួខ្លួនរថយន្តផ្សេង។ ប៉ុន្តែតើអ្នកដឹងទេថា រថយន្តពណ៌សក៏មានគុណវិបត្តិដែលមនុស្សជាច្រើននឹកស្មានមិនដល់ ដូច្នេះហើយអ្នកគួរពិចារណាឲ្យបានច្បាស់មុននឹងសម្រេចចិត្តជិះរថយន្តពណ៌ស។ ខាងក្រោមនេះ ជាគុណវិបត្តិទាំង ៥ របស់រថយន្តពណ៌ស៖
១) រថយន្តពណ៌សឆាប់ឡើងពណ៌លឿង៖ រថយន្តពណ៌សនៅពេលចត ឬទុកចោលហាលថ្ងៃជារាល់ថ្ងៃ វានឹងធ្វើឲ្យពណ៌ប្រែទៅជាលឿង និងស្រអាប់។ លើសពីនេះទៅទៀត ទឹកថ្នាំលាបម៉ាកខ្លះអាចធ្វើឲ្យរថយន្តពណ៌សមានសភាពស្រអាប់ផងដែរ ។ ដូច្នេះ ម្ចាស់រថយន្តត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការជ្រើសរើសផលិតផលថែរក្សាថ្នាំលាបរថយន្ត ។
២) រថយន្តពណ៌សឆាប់ប្រឡាក់៖ ដោយសារតែពណ៌សគឺជាពណ៌ភ្លឺ ដូច្នេះស្នាមប្រឡាក់កខ្វក់អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ជាងពណ៌រថយន្តផ្សេងទៀត ជាពិសេសនៅពេលបើកបរលើផ្លូវសើម ឬនៅលើដី។
៣) ពណ៌សចាំងពន្លឺខ្លាំងជាងរថយន្តផ្សេងៗ ៖ តួខ្លួនរថយន្តពណ៌សមានភាពចាំងពន្លឺខ្លាំង ដែលធ្វើឲ្យពណ៌ឬការឌីស្សាញខ្សែបន្ទាត់នៅលើតួខ្លួនមើលមិនច្បាស់ដូចរថយន្តពណ៌ផ្សេង នេះអាចកាត់បន្ថយភាពស្រស់ស្អាតរបស់រថយន្តផងដែរ ។
៤) រថយន្តពណ៌សពិបាកនៅពេលមានបុកប៉ះ ឬឆ្កូតទឹកថ្នាំ៖ ប្រសិនបើរថយន្តពណ៌ស នៅពេលមានឆ្កូតទឹកថ្នាំត្រូវការលាបពណ៌ដោយសារតែវាមានការប៉ះទង្គិចក្នុងគ្រោះថ្នាក់នោះ វាអាចនឹងធ្វើឱ្យមានការខូចទ្រង់ទ្រាយពណ៌ដែលមើលឃើញជាងពណ៌ផ្សេងទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកត្រូវការយកឡានរបស់អ្នកទៅហាងលាបពណ៌។ អ្នកគួរប្រើវិធីប្រៀបធៀបពីពណ៌ដើមរបស់រថយន្ត។ ដើម្បីទទួលបានពណ៌ថ្មីដែលមើលទៅជិតដូចដើមតាមដែលអាចធ្វើទៅបាន។
៥) រថយន្តពណ៌សមានតម្លៃថ្លៃជាងពណ៌ធម្មតា៖ ជាពិសេសនោះ នៅពេលអ្នកទិញរថយន្តពណ៌ស White pearl ឬពណ៌បែប ceramix crystal អតិថិជនត្រូវចំណាយប្រាក់ច្រើនបន្ថែមទៀតបើធៀបនឹងពណ៌ផ្សេង៕