
ក្នុងចំណោមប្រព័ន្ធភ្លើងរបស់រថយន្ត គ្រឿងបង្គុំដ៏សំខាន់បំផុតមួយដែលជាអ្នកផ្តល់ផ្កាភ្លើងក្នុងការដុតបញ្ឆេះដំណើរការម៉ាស៊ីន គឺជាម៉ូប៊ីន។
ម៉ូប៊ីន ជាអ្នកទាញយកថាមពលពីអាគុយ ១២វ៉ុល បម្លែងទៅជាថាមពលរាប់ម៉ឺនវ៉ុល (ចន្លោះពី ២ម៉ឺន ដល់ ១០ម៉ឺនវ៉ុល) ដើម្បីផ្តល់ ឲ្យប៊ូស៊ីអាចបាញ់ផ្កាភ្លើងដុតល្បាយខ្យល់ និងល្បាយឥន្ធនៈ នៅក្នុងបន្ទប់ចំហេះ នៅតាមស៊ីឡាំងនីមួយៗ។

ជាទូទៅ ម៉ូប៊ីនអាចប្រើប្រាស់បានពី ១២ម៉ឺន ដល់ ១៦ម៉ឺនគីឡូម៉ែត្រឯណោះ ដែលគួរតែផ្លាស់ប្តូរចេញម្តង។ ប៉ុន្តែម៉ូប៊ីន អាចមានបញ្ហា ឬខូច មុនដល់គ្រប់ចំនួនគីឡូ ដែលតម្រូវឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ ដើម្បីកុំឱ្យរថយន្តជួបបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ។ រោគសញ្ញាម៉ូប៊ីនខូច រួមមានដូចជា៖

១. ចេញសញ្ញា Check: ប្រសិនបើម៉ូប៊ីនខូចនៅប្លុកស៊ីឡាំងណាមួយ វានឹងចេញសញ្ញា Check លោតភ្លឹបផ្លេក ដោយលេខកូតរបស់វាគឺ P0351 រហូតដល់ P0358។
២. ពិបាកដេរបញ្ឆេះ: ប្រសិនបើមានម៉ូប៊ីនណាមួយបានខូច វានឹងធ្វើអ្នកពិបាកដេរបញ្ឆេះរថយន្ត ព្រោះតែការផ្តល់ភ្លើងឱ្យប៊ូស៊ី មិនគ្រប់គ្រាន់ ឬមិនគ្រប់ស៊ីឡាំង។ ប្រសិនបើរថយន្តមានស៊ីឡាំង៤ ហើយម៉ូប៊ីនខូចទាំង៤ដើម គឺមិនអាចដេរឆេះតែម្តង។
៣. ម៉ាស៊ីនរថយន្តឆេះអត់ស្មើៈ បើអ្នកកត់សម្គាល់ថាម៉ាស៊ីនឆេះអត់ស្មើ ញ័រក្បាលឡាន ឬពេលជាន់ហ្គែររាងកន្រ្តាក់ម្តងៗ គឺអ្នកក៏ត្រូវគិតដល់ពីបញ្ហាម៉ូប៊ីននេះផងដែរ។
៤. ស៊ីសាំងជាងមុនៈ នៅពេលម៉ូប៊ីនណាមួយខូច វានឹងកាត់បន្ថយការផ្តល់ថាមពល ជាហេតុធ្វើឱ្យម៉ាស៊ីនត្រូវបឺតសាំងជាងមុនដែរ ដើម្បីទៅជួយបង្គ្រប់ថាមពល៕






















