ផ្លូវជាតិសំខាន់ៗនៅកម្ពុជាត្រូវបានពង្រីកជាផ្លូវហាយវេ ៤គន្លង ជាបន្តបន្ទាប់ដូចជា ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៥ជាដើម ជាពិសេសគឺផ្លូវទៅកំពង់ចាម ដែលកំពុងសង់ជិតរួចរាល់គួរឲ្យចាប់អារម្មណ៍បំផុត។ សម្រាប់អ្នកដែលទើបបើករថយន្តថ្មីៗឲឬដៃថ្មី ឬអ្នកដែលភាគច្រើនបើកបរតែក្នុងក្រុង ពេលបើកតាមផ្លូវខេត្តដែលមានផ្លូវធំៗ និងមានសួនពុះចំកណ្តាលបែបនេះអាចនឹងមិនទាន់យល់ដឹងពីតិចនិកបើកបរបានច្រើននៅឡើយទេ អ៊ីចឹងសូមមកដឹងដូចខាងក្រោមនេះ៖

១.ព្យាយាមមើល និងគោរពតាមផ្លាកសញ្ញាចរាចរណ៍ផ្សេងៗនៅតាមដងផ្លូវ ជាពិសេសផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា។
២.ទុកចន្លោះសុវត្ថិភាពឲ្យបានកាន់តែឆ្ងាយពីរថយន្តខាងមុខទៅតាមកម្រិតល្បឿនរថយន្តរបស់អ្នក។
៣. បើបើកក្នុងល្បឿនកាន់តែលឿនគឺត្រូវមើលទៅខាងមុខឲ្យបានកាន់តែឆ្ងាយផងដែរ ដើម្បីអាចគ្រប់គ្រងរថយន្តបាន នៅពេលប្រទះនឹងឧបសគ្គនៅខាងមុខ។
៤. ឧស្សាហ៍ឆ្លៀតមើលតាមកញ្ចក់ចំហៀងដើម្បីឲ្យបានដឹងថា មានយានយន្តដទៃ មកកៀកនឹងរថយន្តរបស់អ្នក។
៥. វ៉ៃស៊ីញូ និងមើលកញ្ចក់ចំហៀងឲ្យបានគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរគន្លងប្រកបដោយសុវត្ថិភាព។
៦. ព្យាយាមទប់ចង្កូតកុំឲ្យរេចេញពីគន្លង។បើរថយន្តទំនើបៗបច្ចុប្បន្ន គឺសុទ្ធតែមកជាមួយមុខងារចាប់គន្លងដោយស្វ័យប្រវត្តិ។
៧. ត្រូវចាប់អារម្មណ៍ពីភាពមិនប្រក្រតីឬកំហូចនៃផ្នែកផ្សេងៗរបស់រថយន្ត ដូចជា សំឡេងប្លែក ផ្សែង ក្លិន ជើងក្រោមគ្មានលំនឹងល្អសញ្ញាឆេក និងសញ្ញាព្រមាននានាក្នុងកុងទ័រ ដើម្បីអាចអែបកៀនបញ្ឈប់រថយន្តទាន់ពេលនិងសុវត្ថិភាព។
៨. មិនត្រូវអោនចុចទូរសព្ទ ឬប្រើប្រាស់ឧបករណ៍ផ្សេងៗដាច់ខាតនៅពេលកំពុងបើកក្នុងល្បឿនលឿន។
៩. សម្រាប់អ្នកបើកបរ គួរគេងឲ្យបានគ្រប់គ្រាន់ព្រោះនឹងងងុយខ្លាំងជាមិនខាន ពេលបើកផ្លូវឆ្ងាយ និងធំស្រលះបែបនេះ៕












