មកដឹងពីព័ត៌មានត្រួសៗពីម៉ូឌែលថ្មីតម្លៃក្រោម ២ម៉ឺនដុល្លារ បើកបានចម្ងាយលើស ២ ០០០គ.ម របស់ BYD ដែលត្រៀមអង្រួនទីផ្សារកម្ពុជាឆាប់ៗ នេះ (មានវីដេអូ)

[ក្នុងស្រុក] BYD Seal 5 Super Hybrid គឺជាម៉ូឌែល PHEV ថ្មីរបស់ BYD ដែលត្រៀមអង្រួនទីផ្សាររថយន្តថ្មីនៅកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយគ្រាន់តែក្រុមហ៊ុនបើកទទួលកក់ភ្លាមធ្វើអោយផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែម៉ូឌែលថ្មីនេះមានតម្លៃក្រោម ២ម៉ឺនដុល្លារ និងអាចបើកបរបានចម្ងាយសរុបលើសពី ២ពាន់គីឡូម៉ែត្រ ពេលសាកថ្ម និងសាំងពេញម្តង អាចនិយាយបានថាធ្វើអោយបងប្អូនយើងពិបាកសម្រេចចិត្តបន្តិចហើយមិនដឹងថាទិញឡានថ្មី ឬមួយទឹកតម្លៃប្រហាក់ប្រហែលគ្នាទេ។

តែពុំថ្វីឡើយមុនសម្រេចចិត្តបងប្អូនអាចមកដឹងព័ត៌មានត្រួសៗមួយចំនួនសិន ចំណុចដំបូងនោះគឺម៉ូឌែលថ្មីនេះមានឈ្មោះខ្មែរថា Seal 5 ចំណែកឈ្មោះចិនគឺ Destroyer 05 និងស្ថិតនៅក្នុង Ocean Series របស់ BYD ជាមួយការបង្ហាញខ្លួនផ្លូវការកាលពីដើមឆ្នាំ២០២៥ នេះ ជាមួយទំហំសរុប ៤ ៧៨០មម, ទទឹង ១ ៨៣៧មម, កម្ពស់ ១ ៥១៥មម និងប្រវែងគម្លាតកង់ ២ ៧១៨មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចបន្ទាប់ទៀតនោះ BYD Seal 5 Super Hybrid បំពាក់មកជាមួយបច្ចេកវិទ្យា DM-i របស់ BYD ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ៩៩សេះ ជាមួយម៉ូទ័រអគ្គិសនីនៅខាងមុខមួយ ផលិតកម្លាំងបាន 161Hp ដែលទទួលបានថាមពលពីកញ្ចប់អាគុយ LFP Blad Battery ទំហំ ៧,៦៨kWh ដែលអាចបើកដោយថាមពលអគ្គិសនីសុទ្ធបាន ៥៥km និងសាកមួយពេញជាមួយចាក់សាំងមួយពេញអាចបើកបានចម្ងាយលើពី ២ពាន់គ.ម។ ចំណែកកម្រិតស៊ីសាំងវិញយោងតាមព័ត៌មានពី BYD បង្ហាញថាស៊ីសាំងចំនួន ២,៩៥លីត្រ/១០០គ.ម តែបើគិតទៅសម្រាប់បងប្អូនប្រើក្នុងក្រុងប្រើតែថាមពលអគ្គិសនីក៏មិនអស់ផង លើកលែងត្រូវចុះខេត្ត។ 

សូមបញ្ជាក់ផងដែរថាទាក់ទងនឹងតម្លៃ និងការនាំចូល ម៉ូឌែលដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះគឺជាម៉ូឌែលនាំចូល ប៉ុន្តែនៅពេលរោងចក្រ BYD នៅក្រុងព្រះសីហនុសាងសងរួចរាល់ ម៉ូឌែលថ្មីនឹងតម្លើង និងផ្គុំនៅខ្មែរផ្ទាល់។ ដូច្នេះទាក់ទងនឹងតម្លៃយោងតាមការចុះផ្សាយផ្ទាល់ពី BYD ប្រចាំប្រទេសកម្ពុជាបង្ហាញថាតម្លៃនេះជាតម្លៃផលិតក្នុងស្រុក ដែលឧបត្ថមពីរោងចក្ររបស់ BYD ផ្ទាល់។ តើបងប្អូនយល់យ៉ាងណាដែរសម្រាប់មួយម៉ូឌែលនេះ ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមដូចជាតម្លៃ ឬ Option មួយចំនួន បងប្អូនអាចទំនាក់ទំនងទៅកាន់ BYD KHIEV Auto Cambodia ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុន្នីវង្ស និងសាខាច្បារអំពៅផ្ទាល់បាន ឬតាមរយៈលេខទូរសព្ទ 010 886 811 / 093886895៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម