ក្រោយពីមានការចុះផ្សាយថា Honda នឹងបញ្ឈប់ការផលិតរថយន្ត Honda Fit និង Civic Coupe សម្រាប់ឆ្នាំ ២០២១ ពេលនេះគេបានដឹងដំណឹងបន្ថែមអំពីផែនការរបស់ក្រុមហ៊ុនរថយន្តជប៉ុននេះ។
ដំណឹងថ្មីចេញពី Honda គឺក្រុមហ៊ុនគ្រោងនឹងប្រកាសចេញរថយន្ត Honda Civic ជំនាន់ទី១១ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីនៅអំឡុងត្រីមាសទីពីរ ឆ្នាំ ២០២១ ខាងមុខនេះ។ អំពីរថយន្ត Civic ជំនាន់ថ្មីគេមិនទាន់ដឹងដំណឹងច្រើនលើសពីនេះនៅឡើយទេ ដោយគេដឹងថា Honda នឹងផ្ដោតលើផលិតផលផ្សេងជាមុនសិន ដែលមានដូចជា Honda Civic Type R Limited Edition និង Honda Odyssey ឆ្នាំ ២០២១។
ចំពោះគ្រោងឆ្អឹងរបស់ Honda Civic ជំនាន់ថ្មី រំពឹងថានឹងប្រើប្រាស់នូវគ្រោងឆ្អឹង Honda Compact Global Platform ដូចជាជំនាន់បច្ចុប្បន្នដែរ។ ប៉ុន្តែគេសង្ស័យថា Honda អាចនឹងមិនបញ្ចេញ Civic ប្រភេទ Coupe នោះទេ ដោយនឹងមានតែប្រភេទ Sedan និង Hatchback តែប៉ុណ្ណោះ៕