ក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ជប៉ុន Honda បានជួបនូវការធ្លាក់ចុះនៃការលក់រថយន្តរបស់ខ្លួន ដោយសារតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ពីរថយន្តចិនដែលមានតម្លៃធូរថ្លៃ។
ដើម្បីឆ្លើយតបនឹងស្ថានភាពដ៏អាក្រក់បែបនេះ Honda បានរកឃើញយុទ្ធសាស្រ្តមួយគឺការស្វែងរកទីតាំងផលិតថ្មី ដែលមានតម្លៃពលកម្ម និងថ្លៃដើមទាប ប៉ុន្តែប្រកបដោយសក្តានុពលខ្ពស់ នោះគឺការដាក់រោងចក្រផលិតរថយន្តប្រទេសឥណ្ឌា។
កាលពីចុងខែតុលាកន្លងទៅ Honda ប្រកាសថា ខ្លួននឹងផលិតរថយន្តអគ្គិសនីសុទ្ធដែលជាម៉ូឌែលយុទ្ធសាស្រ្ត នៅប្រទេសឥណ្ឌា។ មិនតែប៉ុណ្ណោះ Honda នឹងប្រែក្លាយឥណ្ឌាឲ្យទៅជាមូលដ្ឋាននាំចេញរថយន្តអគ្គិសនីរបស់ខ្លួន ដោយគ្រោងចាប់ផ្តើមពីឆ្នាំ ២០២៧។

ក្នុងពិព័រណ៍យានយន្តមួយថ្មីៗនេះ Honda បានបញ្ចេញរថយន្តអគ្គិសនីគំរូ Honda 0 Alpha។ វាជា concept រថយន្តទី៣ បន្ទាប់ពី Honda 0 SUV គ្រោងចេញលក់ក្នុងឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និង Honda SALOON គ្រោងចេញលក់ក្នុងឆ្នាំ២០២៧។
សម្រាប់ Honda O Alpha នឹងត្រូវផលិតនៅឥណ្ឌា ដើម្បីឲ្យរថយន្តមានតម្លៃទាប ហើយនឹងនាំចូលមកលក់ក្នុងទីផ្សារជប៉ុនវិញ។

គួរកត់សម្គាល់ដែរថា ការសម្រេចចិត្តរបស់ Honda ក៏បន្ទាប់ពីមើលឃើញនូវភាពជោគជ័យរបស់រថយន្តសាំង Honda WR-V ដែលផលិតនៅឥណ្ឌា ហើយយកមកលក់នៅជប៉ុន ចាប់តាំងពីឆ្នាំ២០២៤មក។
ចំណែកឥណ្ឌាឯណោះវិញ ក៏មានមហិច្ឆតាកំណត់គោលដៅរថយន្តអគ្គិសនីឲ្យបាន ៣០% នៅលើទីផ្សារត្រឹមឆ្នាំ២០៣០។ កាលពីឆ្នាំ២០២៤ ឥណ្ឌា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងពិភពលោក ដែលលក់រថយន្តក្នុងប្រទេសបានដល់ជាង ៥លានគ្រឿង៕
















