[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា រថយន្ត Denza D9 ប្រភេទ MPV នឹងទទួលបាននូវបច្ចេកវិទ្យា DM 5.0 PHEV ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ទំហំ ២៦៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២៦៨ និង ៦០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥៥ និង ១៤៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមានកម្រិតសុីប្រេង ៦,៦៥ និង ៧,១៥ លីត្រ ក្នុងចម្ងាត ១០០គីឡូម៉ែត្រ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ។