[ទីផ្សារបរទេស] ក្រុមហ៊ុន Kia សម្រេចបានសមិទ្ធិផលថ្មីមួយ ដោយអាចលក់រថយន្តបានដល់ខ្ទង់ ១០លានគ្រឿង នៅលើទីផ្សារសហរដ្ឋអាមេរិក ក្រោយពីបង្ហាញវត្តមានលើទីផ្សារនេះក្នុងពេលមិនដល់ ៣០ឆ្នាំ។
ជាមួយសមិទ្ធិផលនេះ Kia និយាយថាចាត់ទុកវាជារឿងដ៏ជោគជ័យមួយក្នុងឧស្សាហកម្មយានយន្ត ហើយ Kia ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលអាចលក់រថយន្តបាន ១០លានគ្រឿងនៅទីផ្សារសហរដ្ឋអាមេរិក ដោយប្រើប្រាស់ពេលវេលាតិចជាងគេ។
រថយន្តទី១០លានគ្រឿងនេះដែរ គឺជារថយន្តអគ្គិសនីសុទ្ធម៉ូដែល EV6 ដែលជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ស្របពេលដែល Kia គ្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីៗដូចជារថយន្ត Niro ដែលផ្លាស់ប្ដូរការឌីហ្សាញថ្មី រួមទាំងរថយន្ត EV9 ដែលជាម៉ូដែលថ្មីសន្លាងផងដែរ។
ជាមួយជោគជ័យនេះដែរ Kia បានធ្វើការបរិច្ចាគទឹកប្រាក់ ១ម៉ឺនដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ជាច្រើន ហើយអតិថិជនដែលជាម្ចាស់រថយន្តទី១០លានគ្រឿង ទទួលបានរថយន្តជិះដោយមិនបាច់ចំណាយថវិកាថែមទៀតផង៕