យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Lexus LFA ប្រភេទ Nurburgring Edition មួយគ្រឿង ត្រូវបានលក់ដាច់ក្នុងតម្លៃរហូតដល់ទៅ ១,៦លានដុល្លារឯណោះ ក្នុងអំឡុងការលក់ដេញថ្លៃ Monterey Car Week របស់ក្រុមហ៊ុន RM Sotheby។
គួរឲ្យដឹងថា ក្រុមហ៊ុនខាងលើបានប៉ាន់ប្រមាណថា រថយន្តជប៉ុននេះនឹងលក់បានតម្លៃថ្លៃបំផុត ១,១លានដុល្លារ ប៉ុន្តែចុងក្រោយវាលក់បានដល់ទៅ ១,៦លានដុល្លារឯណោះ។
បើប្រៀបធៀបទៅ រថយន្ត Lexus LFA ឆ្នាំ២០១២ មួយគ្រឿង ធ្លាប់លក់បានតម្លៃ ៨១៩ ០០០ដុល្លារ តាមរយៈការដាក់លក់ដេញថ្លៃរបស់ក្រុមហ៊ុនខាងលើ។ បន្ថែមពីនេះ រថយន្ត Bugatti Veyron 16.4 ឆ្នាំ២០០៨ មួយគ្រឿង ដែលទើបប្រើបានប្រហែល ៤០០គីឡូម៉ែត្រ ធ្លាប់ត្រូវបានដាក់លក់ដេញថ្លៃបាន ១,៥៤លានដុល្លារ ថោកជាងរថយន្ត Lexus LFA Nurburgring Edition នេះទៅទៀត។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ រថយន្ត Lexus LFA ម៉ូដែលស្តង់ដារ មានតម្លៃ ៣៧៥ ០០០ដុល្លារ ហើយម៉ូដែល Nurburgring Edition មានតម្លៃ ៤៤៥ ០០០ដុល្លារ សម្រាប់ពណ៌ទឹកក្រូច, ខ្មៅ និង ស ហើយមានតម្លៃ ៤៦៥ ០០០ដុល្លារ សម្រាប់ពណ៌ខ្មៅគ្រើម។
ក្រុមហ៊ុន Lexus បានផលិតរថយន្ត LFA តែ ៥០០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមាន ៦៤គ្រឿងជាម៉ូដែល Nurburgring Edition។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ naturally aspirated ទំហំ ១០ស៊ីឡាំង មានកម្លាំង ៥៦២សេះ ខ្លាំងជាងម៉ូដែលស្តង់ដារ ១០សេះ៕