[បរទេស] កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មានករណីឆាបឆេះរថយន្ត Xpeng G3 នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ហើយនៅថ្ងៃទី ៥ ខែមេសា រថយន្ត Aiways U5 បានឆាបឆេះនៅស្ថានីយសាកថ្មមួយកន្លែងក្នុងស្រុក Jinjiang ទីក្រុង Chengdu ផងដែរ។
ឧប្បត្តិហេតុឆេះរថយន្តអគ្គិសនីនៅប្រទេសចិន បានកើតឡើងជាញឹកញាប់ដែលវាស្ទើរតែជារឿងធម្មតា។ ប៉ុន្តែវាមិនមែនជាអ្វីដែលគួរតែជារឿងធម្មតានោះទេ ព្រោះឧបទ្ទវហេតុបែបនេះពិតជាគ្រោះថ្នាក់ ហើយការប្រើប្រាស់រថយន្តដែលមានអាគុយទំហំធំពិតជាពិបាកណាស់។
ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថាមានគ្រោះថ្នាក់ឆេះរថយន្តអគ្គិសនីចំនួន ៨៦ ករណី ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ជាមធ្យមមួយគ្រឿងក្នុងមួយសប្តាហ៍ ប៉ុន្តែចំនួននេះបានកើនឡើង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ខែមីនា ឆ្នាំ ២០២២ រថយន្តអគ្គិសនីចំនួន ៦៤០ គ្រឿងបានឆេះ កើនឡើង ៣២% ពីមួយឆ្នាំទៅមួយឆ្នាំ ឬជាមធ្យមប្រាំពីរគ្រឿងក្នុងមួយថ្ងៃ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ China Fire និង នាយកដ្ឋានជួយសង្គ្រោះ ក្រសួងគ្រប់គ្រងឧប្បត្តិហេតុ។
គួរឲ្យដឹងថា ក្នុងចំណោមរបាយការណ៍មុនចំនួន ៨៦ ករណីនៃការឆេះរថយន្ត ក្នុងនោះមានករណីចំនួន ៤ ប្រភេទសំខាន់ៗគឺ៖ ឆេះពេលកំពុងសាកថ្ម, ឆេះពេលកំពុងបើកបរ ឆេះពេលចតរថយន្ត និងឆេះក្រោយពេលបុក។ ក្នុងចំណោមការឆេះទាំង៤ប្រភេទនេះ មិនរាប់បញ្ចូលគ្រោះថ្នាក់មិនស្គាល់មូលហេតុចំនួន៧ ករណី, មាន៣១ ករណីពេលចតរថយន្ត, ២២ ករណី ពេលកំពុងសាកថ្ម, ២០ ករណី ពេលកំពុងបើកបរ និង៦លើកក្រោយបុកជាមួយវត្ថុផ្សេង ។
ជាមួយគ្នានេះ នៅពេលអាគុយរថយន្តអគ្គិសនីប្រើការសាកថ្មលឿន DC ស្ថិតក្រោមសីតុណ្ហភាពទាបបំផុត, ប្រសិនបើប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិកមិនអាចបញ្ចុះកម្តៅថ្មបានទេ ថ្មនឹងប្រឈមនឹងការឆេះ។ មូលហេតុមួយទៀតនៃអគ្គិភ័យគឺការដំណើរការនៃអាគុយលីចូមកាបូណាត និងការបង្កើតលីចូមដេនទ្រីតនៅក្នុងអាគុយលីចូម ternary និងថ្មលីចូមអ៊ីយ៉ុងផូស្វាត៕