រូបភាពពីរសន្លឹកនៃ BMW M5 ឆ្នាំ ២០២១ ដែលចេញផ្សាយដោយ Kolesa ត្បិតថាជារូបភាព Render មែន ប៉ុន្តែអាចមានភាគរយខ្ពស់បំផុតដែល BMW M5 ជំនាន់ថ្មីប្រកាសចេញដល់ពិភពលោកនាថ្ងៃទី ១៧ មិថុនា នឹងមានរូបរាងដូចនេះ។
ការផ្លាស់ប្ដូរធំបំផុតនៃ BMW M5 គឺការបំពាក់នូវអំពូលខាងមុខដែលមានរាងស្ដើងជាងមុន មានភាពទាក់ទាញខ្លាំងបំផុតបើប្រៀបនឹងជំនាន់មុន។ ការផ្លាស់ប្ដូរផ្សេងទៀតដូចជាការរចនាពណ៌ខ្មៅលើរន្ធខ្យល់ទំហំធំ និងការឌីហ្សាញកាងក្រោយថ្មី ហើយបំពង់ស៊ីមាំងក៏មានការផ្លាស់ប្ដូររូបរាង។ នៅផ្នែកខាងក្រោយក៏មានការផ្លាស់ប្ដូរនូវអំពូលឲ្យសញ្ញាថ្មីផងដែរ។
រថយន្តម៉ូដែលថ្មីនឹងបន្តលក់ដោយប្រើប្រាស់ឈ្មោះជា M5 និង M5 Competition ដែលវាទាំងពីរមានបំពាក់ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ អាចផលិតកម្លាំងបានខ្ទង់ ៦០០សេះ ដូចគ្នា។ នៅពេលខាងមុខ BMW នឹងបន្ថែមប្រភេទ M5 CS ដែលមានកម្លាំងខ្លាំងជាងពីរប្រភេទទៀត និងមានទម្ងន់ស្រាលជាងផងដែរ។
ចំពោះផ្នែកខាងក្នុងវិញ រំពឹងថានឹងមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ។ ផ្លាស់ប្ដូរខ្លាំងគឺនៅត្រង់អេក្រង់កម្សាន្តដែលមានទំហំធំជាងមុន ពោលមានទំហំ ១២,៣អ៊ីញ ឯណោះ៕