BMW 4-Series Gran Coupe ឆ្នាំ២០២២ ចេញតម្លៃផ្លូវការ ចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសពីតម្លៃនៃរថយន្ត 4-Series Gran Coupe ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងចេញលក់នៅត្រីមាសទី៤ ឆ្នាំនេះតែម្តង។

រថយន្ត BMW 4-Series Gran Coupe សម្រាប់ទីផ្សារខាងលើ ចែកចេញជា ៣ម៉ូដែល គឺ 420i, 430i និង M440i xDrive។ សម្រាប់ម៉ូដែល 420i នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥៧ ៤០០ដុល្លារ ខណៈ 430i មានតម្លៃចាប់ពី ៦៣ ៤០០ដុល្លារ។ ដោយឡែកចំពោះម៉ូដែល M440i xDrive វិញ នឹងមានតម្លៃរហូតដល់ទៅ ៨៧ ៦០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត BMW 4-Series Gran Coupe មានប្រវែងវែងជាងមុន ៥,៩អ៊ីញ, ទទឹងធំជាងមុន ១អ៊ីញ ហើយខ្ពស់ជាងមុន ២,១អ៊ីញ បើប្រៀបធៀបទៅនឹងជំនាន់មុន។

ចំពោះម៉ូដែល 420i គឺប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ខណៈ 430i ប្រើម៉ាស៊ីនដូចគ្នាតែមានកម្លាំង ២៥៥សេះ។ រីឯ M440i xDrive វិញ គឺប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំងសរុប ៣៨២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម