Honda បានបង្ហាញចេញនូវរថយន្ត Ridgeline ស៊េរីឆ្នាំ ២០២១ ដែលមានរូបរាងថ្មី ជាមួយការផ្លាស់ប្ដូរផ្នែកខាងមុខ, ការបំពាក់កង់ទំហំ ១៨អ៊ីញមកជាស្តង់ដារ, ការផ្លាស់ប្ដូររូបរាងខាងក្រោយ និងបានបំពាក់បំពង់ស៊ីមាំងភ្លោះផងដែរ។
រថយន្តភីកអាប់ថ្មីនេះមានដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៨០សេះ ផ្គួបនឹងប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ។ ចំពោះប្រភេទ RTL-E និង Black Edition មានមកជាស្តង់ដារនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន។
ក្រៅពីផ្លាស់ប្ដូររូបរាងខាងក្រៅ រថយន្តនេះក៏មានផ្លាស់ប្ដូរផ្នែកខាងក្នុងត្រង់អេក្រង់បង្ហាញប្រព័ន្ធសំឡេងដែលមានរូបភាពថ្មី ហើយមានប៊ូតុងសម្រាប់បន្ថែមបន្ថយសំឡេងក្បែរនោះផងដែរ។ គ្រប់ Option ទាំងអស់ក៏មានបំពាក់មកជាមួយនូវ Honda Sensing ដែលមានមុខងារព្រមានពីការប៉ះទង្គិច, មុខងាររក្សាគន្លងផ្លូវ និងមុខងារ Cruise Control ជាដើម។
រថយន្ត Honda Ridgeline ស៊េរីថ្មីនឹងមានដាក់លក់នៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយ ដោយមានតម្លៃចាប់ពីជាង ៣៥ ០០០ដុល្លារ៕