មើលឡានអគ្គិសនីតម្លៃថោកជាងគេបំផុតនៅអាមេរិក

រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​នា​ពេល​បច្ចុប្បន្ន នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ដូច​ជា​ម៉ូដែល Nissan Leaf និង​រថយន្ត Mini Cooper SE ​ដែល​វា​មាន​តម្លៃ​ខ្ទង់ ៣​ម៉ឺន​ដុល្លារ។

យ៉ាងណាក្ដី​នា​ពេល​ខាង​មុខ​នេះ​ក្រុមហ៊ុន​រថយន្ត​ Kandi America នឹង​ដាក់​លក់​រថយន្ត​​អគ្គិសនី ​Model K27 ក្នុង​តម្លៃ​ត្រឹម ១៩ ៩៩៩​ដុល្លារ​ប៉ុណ្ណោះ ដែល​​នេះ​មិន​ទាន់​គិត​​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សម្រាប់​រថយន្ត​អគ្គិសនី​ផង បើ​គិត​បញ្ចូល​ប្រាក់​ឧបត្ថម្ភ ៧​ពាន់​ដុល្លារ​ទៀត តម្លៃ​នៅ​សល់​ត្រឹម ១២ ៩៩៩​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ Kandi ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Garland រដ្ឋ Texas ដែល​បាន​​ផលិត​រថយន្ត​អគ្គិសនី​​លក់​ក្នុង​ប្រទេស​ចិន​តាំង​ពី​ឆ្នាំ ២០១២។ ក្រៅ​ពី​រថយន្ត​ Model K27 នេះ ​ក្រុមហ៊ុន​ក៏​មាន​រថយន្ត​មួយ​ទៀត​​គឺ Model K23 ដែល​មាន​តម្លៃ​ចាប់​ពី ២៩ ៩៩៩​ដុល្លារ។

រថយន្ត​ Model K27 មាន​កម្លាំង​ត្រឹម ២៧​សេះ​ ប៉ុណ្ណោះ ដែល​មាន​ល្បឿន​អតិបរមា​ ១០១ គ.ម/ម៉។ វា​មាន​បំពាក់​អាគុយ​ទំហំ ១៧,៦៩ kWh ដែល​ចំណាយ​ពេល​ ៧​ម៉ោង​ក្នុង​ការ​សាក ហើយ​ពេល​សាក​ពេញ​អាច​ជិះ​បាន​ចម្ងាយ ១៦០ គីឡូម៉ែត្រ៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម