
[បរទេស] កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុនផលិតរថយន្ត Ford លោក Jim Farley និយាយថា ប្រទេសចិនកំពុងនាំមុខសហរដ្ឋអាមេរិកដល់ទៅរយៈពេល ១០ឆ្នាំខាងមុខ នៅក្នុងវិស័យបច្ចេកវិទ្យាថ្មអាគុយសម្រាប់រថយន្តអគ្គិសនី EV នេះបើយោងតាមគេហទំព័រ New York Times ។
មិនត្រឹមតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Ford ត្រូវការចូលប្រើប្រាស់កម្មសិទ្ធិបញ្ញា (IP) របស់ប្រទេសចិន ដើម្បីរក្សាការប្រកួតប្រជែង ដែលស្រដៀងគ្នាទៅនឹងរបៀបដែលប្រទេសចិនបានពឹងផ្អែកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកពីមុនមក។
ជាមួយគ្នានេះ ក្រុមហ៊ុន Ford កំពុងសហការជាមួយក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសចិន ដើម្បីសាងសង់រោងចក្រអភិវឌ្ឍថ្មអាគុយ BlueOval របស់ខ្លួន ជាប្រភេទថ្មលីចូមដែកផូស្វាត (LFP) ដែលដំបូងត្រូវបានអភិវឌ្ឍឡើងនៅសហរដ្ឋអាមេរិក តែក្រោយមកត្រូវបានទិញដោយប្រទេសចិន ។
គួរឲ្យដឹងថា លោក Farley ក៏ជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសចិនគឺមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន Ford ដើម្បីរក្សាការប្រកួតប្រជែង និងនាំមុខគេនៅទូទាំងពិភពលោក ៕